អាហ្វហ្គានីស្ថាន ៖ មន្ត្រីមូលដ្ឋានបាននិយាយថា ការវាយប្រហារអត្តឃាតមួយបានសម្លាប់មនុស្សចំនួន៨នាក់ និងធ្វើឲ្យមនុស្សចំនួន១៧នាក់ទៀតរងរបួសនៅខេត្តណានហ្គាហានៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីនាំពាក្យអភិបាលខេត្តណានហ្គាហាបាននិយាយថា ជនវាយប្រហារបានបំណងបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតសំដៅទៅរកស្នងការប៉ូលិសម្នាក់ដែលបានបណ្ដេញជនវាយប្រហារចេញពីការងារក្នុងពេលថ្មីៗនេះ។ ទោះយ៉ាងណាស្នងការប៉ូលិសរូបនេះអាចគេចផុតពីការវាយប្រហារដោយមិនបានរងគ្រោះអ្វីទេប៉ុន្តែកូនរបស់លោកចំនួន២នាក់ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំង៨នាក់នេះ។
មន្ត្រីនាំពាក្យអភិបាលខេត្តបានបញ្ជាក់ថា អ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅជិតលំនៅឋានរបស់ស្នងការប៉ូលិសរូបនេះជាទីដែលក្រុមអ្នកគាំទ្របានប្រមូលផ្ដុំគ្នាអំពាវនាវសុំឲ្យរដ្ឋាភិបាលផ្ដល់តំណែងការងារឲ្យជនប្រហារនេះវិញ៕