ឥណ្ឌូនេស៊ី ៖ ប្រធានមន្ត្រីបន្ថយគ្រោះមហន្តរាយបាននិយាយថា កាលពីថ្ងៃពុធព្យុះថូណាដូបានបក់បោកនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើនបំផុតមួយនៅខេត្តចាវ៉ាខាងកើត (East Java) នៅប្រទេសឥណ្ឌូនេស៊ីធ្វើឲ្យមនុស្សចំនួន៣៥នាក់រងរបួសនិងបំផ្លាញលំនៅឋានជាង៦០០កន្លែង។
ប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋានបានរាយការណ៍ថា ព្យុះថូណាដូដែលធ្វើដំណើរក្នុងល្បឿន៧០គីឡូម៉ែត្រក្នុង១ម៉ោងនេះបានវាយប្រហារបង្កការបំផ្លិចបំផ្លាញភូមិចំនួន៣កន្លែងនៅតំបន់ស៊ីដូចូ (Sidoarjo) នៅខេត្តចាវ៉ា។
រូបភាពវីដេអូបានបង្ហាញឲ្យឃើញពីកម្លាំងខ្យល់បក់កួចនាំយកវត្ថុផ្សេងៗឡើងទៅលើអាកាស ហើយនេះគឺជាលើកទី២ហើយដែលតំបន់ស៊ីដូចូបានរងការវាយប្រហារដោយព្យុះថូណាដូនៅឆ្នាំនេះ។
ទីភ្នាក់ងារបន្ថយគ្រោះមហន្តរាយនៅប្រទេសឥណ្ឌូនេស៊ីបាននិយាយថា មនុស្សប្រហែល១០០នាក់ត្រូវបានជម្លៀសចេញពីលំនៅឋានទៅរកកន្លែងមានសុវត្ថិភាពដូចជានៅតាមសាលារៀននិងព្រះវិហារជាដើម ខណៈមនុស្សមួយចំនួនទៀតបានទៅស្នាក់នៅសាច់ញាតិនៅតំបន់ផ្សេងទៀត៕