រាជធានីភ្នំពេញ ៖ នៅប្រមាណជាម៉ោង៩ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខមកបញ្ជាក់ប្រាប់សាធារណៈជនថា សម្តេចមិនមានអ្វីកើតឡើង ចំពោះរូបសម្តេចឡើយ។
ការចេញមកបញ្ជាក់ របស់សម្តេចតេជោហ៊ុនសែននេះ ធ្វើឡើងបន្ទាប់ពីមានការអះអាងថា សារព័ត៌មាន Fresh News ត្រូវបានគេហេកចូលដោយចុះផ្សាយព័ត៌មានថា មានការធ្វើឃាតរូបសម្តេចតេជោកាលពីម៉ោង៥ព្រឹកមិញនេះ។
សម្តេចតេជោបានសរសេរថា “កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែលបានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ។ខ្ញុំសូមបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបខ្ញុំទេ។ សូមអរគុណជនរួមជាតិចំពោះការគាំទ្រ និងគោរពស្រឡាញ់ចំពោះរូបខ្ញុំ”។
នៅចុងបញ្ចប់ នៃខ្លឹមសាររបស់សម្តេច ក៏បានជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕