ខេត្តរតនគិរី ៖ មនុស្សម្នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧នឹង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវចូលវត្តលំផាត់ លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូលេខ ២៧៣-២៧៤ ស្ថិតនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ។
អធិការនគរបាលស្រុកលំផាត់ លោក ថេង ចន្ទ័ធី បានឲ្យដឹងថា រវាងរថយន្តបាឡែន នឹងគោយន្តកន្ត្រៃ បើកបរក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង មកដល់ត្រង់ចំណុចកើតហេតុក៏រថយន្តបាឡែនវ៉ាក់អើរនឹងគោយន្តបុកពីក្រោយយ៉ាងពេញទំហឹងតែម្តង។ លោកអធិការបានបន្តថា បណ្តាលមកពីគោយន្តកន្ទ្រៃមិនបានដាក់ចំណាំងផ្លាតជាសញ្ញាអ្នកក្រោយមិនបានមើលឃើញ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុជាង៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកោះញ៉ែក រថយន្តម៉ាកកាមរីបាឡែន ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ ២S.៣១៧៨ ក្រោយកើតហេតុរត់គេចខ្លួនបាត់។
ក្រោយកើតហេតុកម្លាំងអធិការនគរបាលស្រុកសហការជាមួយនគរបាលខេត្តចុះមកអន្តរាគមន៍ និងវាស់វែងជួយហៅរថយន្តសង្គ្រោះបន្ទាន់នៃស្នងការដ្ឋាននគរបាលខេត្តនឹងរថយន្តមណ្ឌលសុខភាពស្រុកដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត។
ដោយឡែកអ្នកស្លាប់ខាងភាគីគោយន្តកន្ទ្រៃម្នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើនអ្នកមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារប្រញាប់ដឹកអ្នករបួសទាំងនោះទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។
បច្ចុប្បន្នរថយន្ដ និងគោយន្តកន្ត្រៃ សមត្ថកិច្ចកំពុងរកមធ្យោបាយស្ទូច យកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកលំផាត់ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕