កូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ទៀតហើយដោយបានបាញ់ចេញពីតំបន់ស្ថិតភាគខាងជើងទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃពុធនេះ។
ទីភ្នាក់ងារព័ត៌មាននេះបានរាយការណ៍ថា នាយសេនាធិការរួមរបស់ប្រទេសកូរ៉េខាងត្បូង និងអាជ្ញាធរសហរដ្ឋអាមេរិកកំពុងវិភាគអំពីចម្ងាយចរណ៍របស់មីស៊ីលនេះដែលប្រហែលជាបានធ្លាក់នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅដែនសមុទ្រនៃប្រទេសជប៉ុន។
ក្រោយពីមានការបាញ់មីស៊ីលនេះហើយភ្លាម នៅថ្ងៃពុធនេះលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីប្រទេសជប៉ុនក៏មិនបានអង្គុយនៅស្ងៀមដែរដោយលោកបានអំពាវនាវឲ្យអង្គការសហប្រជាជាតិកោះហៅសមាជិកប្រជុំជាបន្ទាន់ដើម្បីពិភាក្សាពីបញ្ហានេះ។ បើទោះជាយ៉ាងណាលោក អាបេ បានប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃនេះថា ប្រទេសជប៉ុននឹងមិនផ្ទាញ់តបចំពោះការបង្កហេតុណាមួយទេដោយលោកគ្រាន់តែសន្យាថានឹងជំរុញឲ្យមានការបង្កើនសម្ពាធកាន់តែខ្លាំងឡើងថែមទៀតតាមរយៈការដាក់ទណ្ឌកម្មទៅលើប្រទេសនេះ។
ដោយឡែកមន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបាននិយាយថា គេបានរកឃើញ និងតាមដានការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ហើយជឿជាក់ថា វាជាប្រភេទមីស៊ីលផ្លោងឆ្លងទ្វីប។
មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណលោកវរសេនីយ៍ឯក រ៉ុប ម៉ានីង បាននិយាយពីថ្ងៃអង្គារថា កាំជ្រួចមីស៊ីលនេះត្រូវបានបាញ់ចេញពីតំបន់សេននី (Sain Ni) ប្រទេសកូរ៉េខាងជើង ហើយបានធ្វើដំណើរចម្ងាយប្រហែល១ពាន់គីឡូម៉ែត្របន្ទាប់មកបានធ្លាក់នៅសមុទ្រជប៉ុន។
សូមបញ្ជាក់ថា នេះគឺជាការបាញ់មីស៊ីលលើកដំបូងរបស់ប្រទេសកូរ៉េខាងជើងចាប់តាំងពីប្រទេសនេះបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមហោះរំលងប្រទេសជប៉ុនកាលពីថ្ងៃទី១៥ខែកញ្ញាដែលធ្វើឲ្យប្រទេសជប៉ុននិងប្រទេសមួយចំនួនទៀតថ្កោលទោសយ៉ាងខ្លាំង៕