តុលា​ការបង់​ក្លា​ដែ​ស​តម្កល់​ទោស​ប្រហារជីវិត​មនុស្ស​១៣៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2017 ក+ ក-

​បង់​ក្លា​ដែ​ស ៖ ឆ្មាំ​ព្រំដែន​ចំនួន​១៣៩​នាក់​ត្រូវបាន​តុលាការ​កំពូល​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​សម្រេច​តម្កល់​សាលដីកា​កាត់ទោស​ប្រហារជីវិត​ពីបទ​បង្ក​ភាព​បះបោរ​នៅ​ឆ្នាំ​២០០៩​ដែល​បានសម្លាប់​មនុស្ស​ចំនួន​៧៤​នាក់​ក្នុងនោះ​មាន​មេបញ្ជាការ​យោធា​ចំនួន​៥៧​នាក់​។​
​តុលាការ​បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​ចំនួន​១៥២​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​ដោយសារ​ឆ្លើយតប​ទៅនឹង​សាលាឧទ្ធរណ៍ តុលាការ​កំពូល​បានសម្រេច​សម្រាលទោស​ម​នុស្ស​ចំនួន​៨​នាក់​ឲ្យ​នៅត្រឹម​ជាប់ទោស​មួយជីវិត និង​លើកលែងទោស​មនុស្ស​ចំនួន​៤​នាក់​។ ទន្ទឹម​នោះ​បុរស​ម្នាក់ទៀត​បាន​ស្លាប់​នៅពេល​កំពុង​បន្ត​នីតិវិធីតុលាការ​រយៈពេល​៣៧០​ថ្ងៃ​មុនពេល​តុលាការ​កំពូល​បានប្រកាស​សាលដីកា​កាលពី​ថ្ងៃ​ចន្ទ ខណៈ​មនុស្ស​សរុប​ចំនួន​៨៤៦​នាក់​ភាគច្រើន​ជា​ឆ្មាំ​ព្រំដែន​កំពុង​ប្រឈម​នឹង​ការកាត់ទោស​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥​ដល់​២៦​ខែកុម្ភៈ​ឆ្នាំ​២០០៩ ឆ្មាំ​ព្រំដែន​បានធ្វើ​ការបះបោរ​នៅក្រោយ​រយៈពេល​២​ខែ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​លោកស្រី ស៊ែ​ក ហា​ស៊ីណា បាន​ឡើងកាន់តំណែង​នៅ​ប្រទេស​នេះ​៕