រុស្ស៊ី ៖ ប្រទេសរុស្ស៊ីបាននិយាយពីថ្ងៃពុធថា ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃអង្គារគឺជាការបង្កហេតុមួយដែលបានធ្វើឲ្យប៉ះពាល់ដល់ឱកាសនៃការដោះស្រាយវិបត្តិដែលកំពុងតែកើតមាននៅពេលបច្ចុប្បន្ន។
លោក ឌីមីទ្រី ផេស្កូវ មន្ត្រីនាំពាក្យប្រធានាធិបតីប្រទេសរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្ដែងក្ដីសង្ឃឹម ថា ភាគីពាក់ព័ន្ធទាំងអស់នឹងរក្សាភាពស្ងប់ស្ងាត់ក្នុងការទប់ស្កាត់ស្ថានការណ៍នៅឧបទ្វីបកូរ៉េកុំឲ្យឈានទៅដល់សេនារីយ៉ូកាន់តែអាក្រក់បំផុត។ ទន្ទឹមនោះលោក ផេស្កូវ ក៏បានប្រកាសថ្កោលការបាញ់មីស៊ីលពីសំណាក់ប្រទេសកូរ៉េខាងជើងថាជាសកម្មភាពបង្កហេតុដែលបានបង្កើនភាពតានតឹង និងពន្យារពេលការចាប់ផ្ដើមនៃកិច្ចប្រឹងប្រែងក្នុងការដោះស្រាយស្ថានការណ៍វិបត្តិនេះ។
សូមបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងនេះបានកើតឡើងនៅពេលគណៈប្រតិភូរដ្ឋសភាប្រទេសរុស្ស៊ីកំពុងបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង និងត្រូវបានគេចាត់ទុកថាមានកម្លាំងខ្លាំងនិងឆ្ងាយជាងមីស៊ីលដែលប្រទេសនេះបានបាញ់កាលពីពេលមុនៗ៕