រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានបញ្ជាក់ថា នៅអំឡុងខែមករា ដល់ខែកុម្ភៈ ដើមឆ្នាំ២០១៨ខាងមុខ សីតុណ្ហភាពនៅកម្ពុជានឹងចុះត្រជាក់ខ្លាំង ដែលអាចនឹងធ្លាក់ដល់ជាង១០អង្សាសេឯណោះ ។
លោក ចាន់ យុត្ថា បានបន្តថា តំបន់ដែលនឹងមានអាកាសធាតុចុះត្រជាក់ខ្លាំងបែបនេះ រួមមាន តំបន់ជួរភ្នំដងរែក ជួរភ្នំក្រវ៉ាញ និងតំបន់ទំនាប់កណ្ដាលភាគពាយព្យ ដែលមានដូចជាខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្ដសៀមរាប។ ដោយឡែក តំបន់ជួរភ្នំ និងតំបន់ខេត្ដភាគពាយ័ព្យ អាកាសធាតុនឹងត្រជាក់ខ្លាំង តែតំបន់មាត់សមុទ្រ និងតំបន់មួយចំនួន មិនមានសញ្ញាប្រាប់ថា អាកាសធាតុនឹងត្រជាក់ខ្លាំងដូចតំបន់ទាំងពីរនេះទេ។
យ៉ាងណាក៏ដោយ លោកអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈទុកជាមុន សំខាន់មនុស្សចាស់និងស្ត្រីមានផ្ទៃពោះ ដើម្បីការពារសុខភាព នៅពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំង ចូលមកដល់ ៕