ប៉ាគីស្ថាន ៖ ប៉ូលិសបាននិយាយថា និស្សិត៨នាក់ និងបុគ្គលិកក្នុងមហាវិទ្យាល័យនោះម្នាក់បានបាត់បង់ជីវិត និងមនុស្ស១១នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើងមួយក្រុមបានសម្រុកចូលមហាវិទ្យាល័យមួយកន្លែងនៅក្នុងទីក្រុងភេសាវ៉ា (Peshawar) ក្នុងប្រទេសប៉ាគីស្ថាន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា បុរសយ៉ាងតិច៣នាក់ដែលបន្លំខ្លួនស្លៀកពាក់ជាស្ត្រីមូស្លីមបានធ្វើដំណើរមកដល់វិទ្យាស្ថានបណ្ដុះបណ្ដាលកសិកម្មក្រុងភេសាវ៉ា (Peshawar) ដោយរទេះរុញ និងបានសម្រុកចូលកន្លែងនោះនៅព្រឹកថ្ងៃសុក្រនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ដែរថា ការផ្ទុះយ៉ាងតិចម្ដងត្រូវបានលឺចេញពីខាងក្នុងមហាវិទ្យាល័យនោះ។ ចំណែកកងទ័ពប៉ាគីស្ថានបាននិយាយថា ក្រុមអ្នកវាយប្រហារទាំង៣នាក់ត្រូវបានសម្លាប់ ហើយក្រុមតាលីបង់ក្នុងប្រទេសប៉ាគីស្ថានបាននិយាយថាពួកគេគឺជាអ្នករៀបចំការវាយប្រហារនោះ។
សូមបញ្ជាក់ថា ទីក្រុងភេសាវ៉ា (Peshawar) ដែលស្ថិតនៅក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថានបានទទួលរងការវាយប្រហារដ៏អាក្រក់ៗបំផុតអំឡុងពេលនៃការបះបោររបស់ក្រុមតាលីបង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕