រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិ បានទិញប័ណ្ណចូលទស្សនាអង្គរជាង២លាននាក់ កើនឡើង១២.៤៣% និងទទួលបានចំណូលជាង៩៥លានដុល្លារ។ នេះបើយោងរបាយការណ៍ពីគ្រឹះស្ថានអង្គរដែលដក្សរង់ចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយ។
របាយការណ៍ដដែលបញ្ជាក់ថា ចំនួននេះកើនឡើងជិត៧៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។ សម្រាប់ខែវិច្ឆិកាកន្លងទៅនេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាអង្គរមានជាង២សែន៤ម៉ឺននាក់ ដោយបានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ កើនឡើងជាង១៣% និងទទួលចំណូលជាង១១លានដុល្លារ កើនឡើងជាង៨០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។
សូមជំរាបថា កម្ពុជារំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានចំនួន៥លាន៥សែននាក់ នៅត្រឹមចុងឆ្នាំ២០១៧នេះ ដោយបើគិតជាភាគរយនឹងកើនឡើង៨%។ ចំណែកឯនៅឆ្នាំ២០២០ កម្ពុជានឹងទាក់ទាញភ្ញៀវបរទេស បានចំនួន៧លាននាក់៕