រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ កម្មករ-កម្មការិនីរោងចក្រ « ណានតាយ » ប្រមាណ២០០នាក់ ដែលមានទីតាំងស្ថិតតាមបណ្តោយ ផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានផ្ទុះកូដកម្មតវ៉ាទាមទារ ប្រាក់បៀវត្សរ៍ជាច្រើនចំណុច ពីថៅកែរោងចក្រ ។
យ៉ាងណាក៏ដោយ ភ្លាមៗ នោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយមន្ត្រីក្រសួងការងារបានចុះអន្តរាគមន៍សម្របសម្រួលនិងពិភាក្សារកដំណោះស្រាយ ។ ក្រោយការពិភាក្សាប្រជុំរកដំណោះស្រាយ អស់រយៈពេលជាង១ម៉ោងរួចមក អាជ្ញាធរសម្រេចយកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ជាថ្ងៃដោះស្រាយបញ្ចប់បញ្ហានេះ ជូនបងប្អូនកម្មករឲ្យបានរួចស្រេច ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ ។
លោកអភិបាលរងបានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរមិនអាចដោះស្រាយជូនបងប្អូននៅថ្ងៃនេះបាន គឺដោយសារម្ចាស់រោងចក្រ ដែលជនជាតិចិន កំពុងជាប់រវល់នៅឯប្រទេស លុះថ្ងៃទី៦ ទើបត្រឡប់មកវិញ ទើបអាជ្ញាធរសម្រេចដោះស្រាយនៅថ្ងៃទី៦តែម្តង ៕