ហ្ស៊ីមបាវ៉េ ៖ ប្រធានាធិបតីថ្មីនៃប្រទេសហ្ស៊ីមបាវ៉េបានស្បថចូលកាន់តំណែងដើម្បីដឹកនាំគណៈរដ្ឋមន្ត្រីថ្មីដែលរួមបញ្ចូលទាំងក្រុមអ្នកស្មោះនឹងគណបក្សកាន់អំណាច និងមន្ត្រីនៅជួរកងទ័ពដែលបានជួយបណ្ដេញលោក រ៉ូប៊ឺត មូហ្គាបេ អតីតមេដឹកនាំប្រទេសនេះចេញពីអំណាច។
ប្រធានាធិបតីថ្មីលោក អេមឺសុន មីណានហ្គាកវ៉ា (Emmerson Mnangagwa) បាននិយាយក្រោយពីវិធីស្បថចូលកាន់តំណែងពីថ្ងៃចន្ទម្សិលមិញថា គោលនយោបាយជាអាទិភាពគឺត្រូវស្ដារសេដ្ឋកិច្ចប្រទេសជាតិដែលកំពុងតែជួបវិបត្តិឡើងវិញ។
សូមរំលឹកថា កាលពីថ្ងៃទី១៥ខែវិច្ឆិកា លោកឧត្តមសេនីយ៍ទោ ម៉ូយ៉ូ បានប្រកាសពីការដណ្ដើមអំណាចពីរដ្ឋាភិបាលដែលធ្វើឲ្យលោក មូហ្គាបេ បង្ខំចិត្តចុះចេញពីអំណាចក្រោយពីលោកបានកាន់អំណាច រយៈពេល៣៧ឆ្នាំ ហើយលោក មីណានហ្គាកវ៉ា ដែលត្រូវបានលោក មូហ្គាបេ បណ្ដេញពីតំណែងជាអនុប្រធានាធិបតីនោះត្រូវបានគណបក្សកាន់អំណាចសម្រេចជ្រើសរើសយកធ្វើជាប្រធានាធិបតីថ្មីដើម្បីបន្តតំណែងពីលោក មូហ្គាបេ៕