រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនបុរសបីនាក់ប្រគល់ឲ្យប៉ូលិសខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីជនសង្ស័យជួលរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៤៧០យកទៅប្រចាំនៅកុងស៊ីបញ្ចាំក្នុងតំលៃ១៧០០០ដុល្លារអាមេរិករួចគេចខ្លួនបាត់លុះមកដល់ព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៧ក្រុមហ៊ុនលីហួរស៊ីធីលីង ត្រេនស្ព័រថេសិន(ខេមបូឌា)ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្យ័យចំនួន៣នាក់នោះ ១/ឈ្មោះ មៀច ស៊ីដេត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវបេតុង ភូមិវិហារចិន ឃុំស្វាយបង្គំ ខេត្តសៀមរាប (អ្នកជួលរថយន្ត) ២/ឈ្មោះ កែវ ភួង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបូរីពិភពថ្មី ផ្សារដីហុយ ខណ្ឌសែនសុខ (អ្នកធ្វើសាក្សី)៣/ឈ្មោះសង ប៊ុនថេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ (អ្នករួមដំណើរជាមួយ) ។
បើតាមតំណាងក្រុមក្រុមហ៊ុន លី ហួរ បានឲ្យដឹងថា ក្រុមហ៊ុនបានជួលរថយន្តឡិចស៊ីស៤៧០ចំនួន២គ្រឿងឲ្យទៅឈ្មោះ ងួន ហេង ដោយគ្រឿងតម្លៃ១១០០ដុល្លារក្នុងមួយខែ ស្រាប់បែរជា ឈ្មោះ ងួន ហេង បានយករថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-6399 ជួលបន្តឲ្យទៅឈ្មោះ កែវ ភួង និង ឈ្មោះ មៀច ស៊ីដេត បានក្នុងតម្លៃ១៥០០ដុល្លារក្នុងមួយខែ តែបែរជាមនុស្សទាំង២នាក់ខាងលើ លួចយករថយន្តជួលនោះទៅដាក់បញ្ចាំបន្តទៀត នៅក្រុមហ៊ុនចិនមួយកន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក ក្នុងតម្លៃ១៧០០០ដុល្លារទៅវិញ រួចមកជួលរថយន្តឡិចស៊ីស៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1546 ពីឈ្មោះ ងួន ហេង មួយគ្រឿងទៀតកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ មកជិះធ្វើតែមិនដឹង ។
ប្រភពដដែលបន្តទៀតថា ដឹង ឃើញ ការជួលរថយន្តខាងលើ មានសភាពមិនប្រក្រតី កាលពីជួល ឲ្យទៅមនុស្សទី១ បែជាឃើញរថយន្ត នៅមនុស្សទី២ជិះ និងយកទៅបញ្ចាំទៀត ទើបស្រាវជ្រាវ តាមដានភ្លាមៗទីបំផុតប្រទះឃើញរថយន្តខ្លួននៅអ្នកផ្សេងជិះ ឃើញឃាត់ប្តឹងប៉ូលីសនាំទៅសាកសួរ។
តាមសម្តីជនជាតិចិនអ្នកទទួលបញ្ចាំថា ជនសង្ស័យទាំង២ខាងលើពិតជាអ្នកយករថយន្តទៅបញ្ចាំ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងមកក្នុងតម្លៃ១៧០០០ដុល្លារ។
ក្រោយពីសាកសួរ រឿងរ៉ាវអង្គហេតុខាងលើ កើតឡើងនិងមានឯកសារ បញ្ចាំនៅខាងក្រុមហ៊ុនលី ហួរ ទើបនគរបាលខណ្ឌពោធិសែនជ័យ ប្រគល់រថយន្តមួយគ្រឿងនិងមនុស្ស២នាក់ ដែលជាអ្នកជួលជិះទី២ ទៅឲ្យខាងនគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការបន្ត៕