ភ្នំពេញ ៖ រដ្ឋសភាគ្រោងប្រកាសសុពលភាពតំណាងរាស្ត្រថ្មី១៦រូបបន្ថែម នៅថ្ងៃទី៧ ធ្នូ នេះ នៅក្នុង កិច្ចប្រជុំពេញអង្គមួយ ហើយរដ្ឋសភាក៏នឹងរៀបចំរចនាសម្ព័ន្ធថ្មីរបស់រដ្ឋសភាឲ្យបានត្រឹមត្រូវ ផង ដែរ មុនពេលចាប់ផ្តើមការងាររបស់ខ្លួនឡើងវិញ។ ក្រោយពេលនេះមួយថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៧ រដ្ឋសភា នឹងប្រជុំសម្រេចប្រគល់កៅអីអនុប្រធានទី១ និងគណៈកម្មការជំនាញរដ្ឋសភា របស់អតីតគណបក្សសង្គ្រោះជាតិ ដែលនៅទំនេរ ទៅគណបក្សហ្វ៊ុនស៊ិនប៉ិចទាំងអស់ ។ នេះបើយោងតាមការឱ្យដឹងពី អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ឯ.ឧ ឡេង ប៉េងឡុង ។
ឯ.ឧ ឡេង ប៉េងឡុង បានបញ្ជាក់ ថា ដើម្បីរៀបចំរចនាសម្ព័ន្ធឲ្យសមស្របទៅនឹងអាសនៈ ក្នុងរដ្ឋសភា ដែលមានតំណាងរាស្ត្រ១២៣រូប ចូលបំពេញការងារជំនួសអតីតគណបក្សសង្គ្រោះជាតិ នោះ រដ្ឋសភានឹងសម្រេចបែងចែកអាសនៈអនុប្រធានទី១ និងគណៈកម្មការជំនាញរបស់អតីតគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ទាំងអស់។
ឯ.ឧ ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងផងដែរថា អ្នកតំណាងរាស្ត្រថ្មី មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នឹងទទួលបានតួនាទីជាប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា។ក្នុងនោះ តួនាទីជាប្រធានគណៈកម្មការចំនួន៥ និងអនុប្រធានគណៈកម្មការជំនាញរដ្ឋសភាចំនួន ៥។
សូមជម្រាបថា គណៈកម្មការជំនាញរដ្ឋសភា ៥ ដែលនឹងត្រូវបែងចែកតួនាទី ជាប្រធានគណៈកម្មការ ទៅឲ្យគណបក្សទាំង៣ ដែលទើបទទួលបានអាសនៈនៅរដ្ឋសភា រួមមាន៖១-គណៈ កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ២-គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឈន៍ជនបទ បរិស្ថាន និងធនធានទឹក ៣-គណៈកម្មការអប់រំ យុវ ជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ៤-គណៈកម្មការសុខាភិបាល សង្គម កិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី និង៥-គណៈ កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។ រីឯគណៈកម្មការរដ្ឋសភា ៥ ទៀត ដែលគណបក្សទាំង ៣ ទើបតែទទួលបានអាសនៈថ្មី នៅរដ្ឋសភា គឺជាគណៈកម្មការ ដែលមានប្រធាន មកពីគណបក្សប្រជាជនកម្ពុជា។
ទាក់ទងនឹងអាសនៈគណៈកម្មការជំនាញវិញ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងត្រូវបានតួនាទីជាប្រធានគណៈកម្មការជំនាញទី១, គណៈកម្មការជំនាញទី៣ ,គណៈកម្មការជំនាញទី៧, គណៈកម្ម ការជំនាញទី៨ និងគណៈកម្មការជំនាញទី១0 ព្រមទាំងតួនាទីអនុប្រធានគណៈកម្មការជំនាញចំនួន៥ទៀត របស់អតីតគណបក្សសង្គ្រោះជាតិផងដែរ។
ទោះជាយ៉ាងណាក្តី ឯ.ឧ. ឡេង ប៉េងឡុង មិនបានបញ្ជាក់ថា តើមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចរូបណាដែលនឹងត្រូវបានទទួលនូវតួនាទីជាអនុប្រធានទី១ នៃរដ្ឋសភានោះទេ។ កន្លងមក ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ធ្លាប់ជានាយករដ្ឋមន្ត្រីទី១នៃរាជរដ្ឋា ភិបាល និងជាព្រះប្រធានរដ្ឋសភា ហើយនៅពេលថ្មីៗនេះ ព្រះអង្គធ្លាប់បានបដិសេធទទួលកៅអីអនុប្រធានទី១នេះ តែព្រះអង្គបានបង្ហាញសញ្ញាបើកផ្លូវឲ្យ លោក យូ ហុកគ្រី នឹងក្លាយជាអនុប្រធាន៕