ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានសម្រេចដាក់បញ្ចូលអង្គភាពសារព័ត៌មាន និងក្រុមហ៊ុនប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបចំនួន០៩ នៅក្នុងបញ្ជីខ្មៅ «ទីភ្នាក់ងារបរទេស» ដោយសារតែបានប្រព្រឹត្តល្មើសច្បាប់ យោងតាមមាត្រា៦ មានចែងនៅក្នុងច្បាស់ស្តីពីវិស័យសារព័ត៌មាន របស់សហព័ន្ធរុស្ស៊ី។ នេះបើតាមសារព័ត៌មានរុស្ស៊ី RT ។
ការសម្រេចដាក់អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនទាំង០៩នេះត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូអះអាងថា ជាការឆ្លើយតបវិញយ៉ាងសាកសមទៅនឹងទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលខ្លួនមិនអាចទទួលយកបាន នោះគឺការដាក់សម្ពាធលើសារព័ត៌មានរុស្ស៊ី Russia Today America (RT) ប្រចាំនៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុន និងអង្គភាព ដែលបម្រើការលើប្រព័ន្ធផ្សាយទាំង ០៩ មានចែងក្នុងបញ្ជីខ្មៅនោះរួមមាន៖
១៖ សារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA)
២៖ វិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាព (RFE/RL)
៣៖ វិទ្យុ Radio Azatliq សាខាប្រទេសរុស្ស៊ី
៤៖ វែបសាយ Kavkaz.Realii
៥៖ វែបសាយ Krym Realii
៦៖ វែបសាយ Sibir Realii
៧៖ ប៉ុស្តិ៍ទូរទស្សន៍ Current Time TV
៨៖ វែបសាយ factograph.info (បណ្តាញវិទ្យុ RFE/RL)
៩៖ គំរោងផ្សព្វផ្សាយ IdelRealii project (បណ្តាញវិទ្យុ RFE/RL)
សូមបញ្ជាក់ថា បញ្ជីខ្មៅមួយសម្រាប់ដាក់អង្គភាពព័ត៌មានណាមួយ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាស់ប្រទេសរុស្ស៊ី ហើយអង្គភាពដែលមានជាប់ឈ្មោះក្នុងនេះ គឺមិនត្រូវបានអនុញ្ញាតឲ្យចូលទៅយកព័ត៌មាន នៅក្នុងរដ្ឋសភាជាតិ និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ដែលជាសភាទាំងពីរជាន់ថ្នាក់ របស់ប្រទេសរុស្ស៊ីនោះឡើយ៕