ធនាគារកណ្តាល​អឺរ៉ុប រំឭក​ពី​ហានិភ័យ​កំណើន​រូបិយប័ណ្ណ Bitcoin
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017 ក+ ក-

​ភ្នំពេញ ៖ ធនាគារកណ្តាល​អឺរ៉ុប បានបង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​ការឡើង​ថ្លៃ​ខ្ពស់​នៃ​តម្លៃ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូវ​និក Bitcoin ដែល​អាច​កើតមាន​ហានិភ័យ តាម​និន្នាការ​នៃ​កំណើន រូបិយប័ណ្ណ​អេ​ឡិច​ត្រូវ​និក នេះ​ខណៈដែល​រូបិយប័ណ្ណ​ឌីជីថល Bitcoin បាន​ឡើងថ្លៃ​ខ្លាំង ដែល​កាលពី​ឆ្នាំមុន មានតម្លៃ​ទាប​ជាង​១​ពាន់​ដុល្លារ និង​បាន​កើន​ដល់​ប្រមាណ​៥​ពាន់​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ហើយ​រូប​បិ​យ​ប័ណ្ណ​នេះ​កំពុង​ព្យាករ​ណ៌​ថា​នឹង​កើន​ដល់​តម្លៃ​១​ម៉ឺន​ដុល្លារ នា​ឆ្នាំ​២០២០​នោះ លោក Constancio អនុប្រធាន​ធនាគារកណ្តាល​អឺរ៉ុប បានបង្ហាញ​ពី​ក្តីបារម្ភ​ថា ការឡើង​ថ្លៃ​ខ្ពស់​នៃ​តម្លៃ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូវ​និក Bitcoin នឹង​អាច​កើតមាន​ហានិភ័យ ជាពិសេស​សម្រាប់​ក្រុម​វិនិយោគិន ដោយ​លោក Constancio បាន​ចាត់ទុកថា ការទិញ​រូបិយប័ណ្ណ​នេះ​ក្នុងតម្លៃ​ខ្ពស់​បែបនេះ មាន​លក្ខណៈ​កេងចំណេញ​មួយ បើ​គិត​តាម​ភាព​វិ​វ​ឌ្ឍ​លឿន​នៃ​តម្លៃ​របស់​វា​។
​លោក បាន​បញ្ជាក់ថា កំណើន​តម្លៃ​នេះ បានធ្វើ​ឲ្យ​មូល​នីយកម្ម​ទីផ្សារ​សរុប​របស់​រូបិយប័ណ្ណ​ស្រមោល​នេះ កើនឡើង​ខ្ពស់ជាង ៣០០​ពាន់​លាន​ដុល្លារ ដោយសារ​តម្រូវការ​រូបិយប័ណ្ណ​ឌីជីថល​កើនឡើង​ខ្ពស់​។ បើទោះជា​មានការ​រំឭក​របស់លោក​បែបនេះ​ក្តី ក៏​លោក Constancio បាន​ឲ្យ​ដឹងថា លោក​មិន​យល់ថា ការប្រែប្រួល​តម្លៃ​រូបិយប័ណ្ណ Bitcoin នេះ នឹង​រីក​រាលដាល​ដល់ទី​ផ្សារ​ផ្សេងទៀត​នោះទេ​។ ចំណែក លោក Mario Draghi ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប ក៏​ធ្លាប់​បានបញ្ជាក់ កាលពី​ខែតុលា​កន្លងទៅ​ថា វា​ពិតជា​ឆាប់រហ័ស​ពេក​ចំពោះ​ធនាគារកណ្តាល​អឺរ៉ុប​ក្នុងការ​ពិចារណា​ពី​ការគ្រប់គ្រង​រូបិយប័ណ្ណ​និម្មិត​នេះដែរ​។ រីឯ​ធនាគារកណ្តាល​ប្រទេស​រុស្ស៊ី ក៏បាន​រំឭក​ខ្លាំង​ដែរ​ពី​ការខាតបង់​ដែល​អាច​កើតឡើង ដែល​ក្រុម​វិនិយោគិន​អាច​ប្រឈម បើ​ពួកគេ​វិនិយោគ​ប្រាក់​ច្រើន​ទិញ​រូបិយប័ណ្ណ​ឌីជីថល​នេះ​។ បើទោះជា​ដូច្នេះ​ក្តី រូបិយប័ណ្ណ​BitCoin នេះ​ទទួលបាន​កំណើន​ខ្ពស់​មួយ​កាលពី​ខែតុលា នៅពេលដែល​ក្រុមហ៊ុន CME Group ដែលជា​ក្រុមហ៊ុន​ប្តូរប្រាក់​បរទេស​ដ៏​ធំ​មួយ បានប្រកាសថា ខ្លួន​នឹងដាក់​ដំណើរការ​ទីផ្សារ​កិច្ចសន្យា​អនាគត​សម្រាប់​រូបិយប័ណ្ណ Bitcoin ដែលជា​រូបិយប័ណ្ណ​មួយ​នៅ​មិនទាន់បាន​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ធំៗ​ពីមុនមក​នៅឡើយ​នោះ​។ រូបិយប័ណ្ណ​ស្រមោល​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទិញ​ទំនិញ​នៅតាម​ហាង​ទំនិញ​ដែល​ទទួលស្គាល់​រូបិយប័ណ្ណ​នេះ​៕