សងសឹក​គំនុំ​ចាស់​សង្ឃ​២​អង្គ​វាយ​គ្នា​បណ្តា​ឲ្យ​រងរបួស​ដេរ​១២​ថ្នេរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គំនុំ​ចាស់​រវាង​ព្រះសង្ឃ និង​ព្រះសង្ឃ​បាន​ដោះស្រាយ ក្នុង​វត្ត​ទួល​សំរោង​បណ្តាល​ឲ្យ ព្រះសង្ឃ​១​អង្គ​រងរបួស​បែកក្បាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​វត្ត​ទួល​សំរោង សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ព្រះសង្ឃ​រងគ្រោះ​មាន​ព្រះនាម វ៉ា សែម ព្រះជន្ម​៤៦​ព្រះវស្សា ស្នាក់នៅ​ក្នុង​វត្ត​ទួល​សំរោង រងរបួស​ដេរ​១២​ថ្នេរ ចំណែក​ព្រះសង្ឃ​បង្ក​ព្រះនាម អ៊ី វ៉ា​ហៃ ព្រះជន្ម​ប្រហែល ២៥​ព្រះវស្សា ស្នាក់នៅ​ក្នុង​វត្ត​ទួល​សំរោង និង​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ​។​
​ប្រភពពី​ព្រះសង្ឃ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ព្រះអង្គ និង​សង្ឃ​បង្ក​ធ្លាប់​មានទំនាស់​ពាក្យសម្ដី​គ្នា បន្តិចបន្តួច​ម្តង​រួចមកហើយ ហើយ​មកដល់ពេលនេះ ទើប​ខាង​សង្ឃ​បង្ក​គុំ​គួ​ន ទើប​ធ្វើបែបនេះ​មកលើ​ព្រះអង្គ​តែម្តង​។ ក្រោយពេល​កើតហេតុ ព្រះសង្ឃ​រងគ្រោះ បានដាក់​ពាក្យបណ្តឹង​សុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់ តែ​យ៉ាងណា​រឿងនេះ​សមត្ថកិច្ច មិនទាន់​អាចធ្វើ​អ្វី​បាន​នៅឡើយ​ទេ គឺ​បាន​ត្រឹម​ឈរ​នៅមុខ​ខ្លោងទ្វារវត្ត រង់ចាំ​ទាល់តែ​ព្រឹក​ទើប​អាច​ដោះស្រាយបាន​៕