រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយ ពាក់ព័ន្ធនឹងអំពើញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងកាលពីម្សិលមិញថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ ហើយចង់ឱ្យដាក់ទោស ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ខណៈដែលទោសនេះជាទោសក្បត់ជាតិ នេះបើយោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រៃរាជាណាចក្រកម្ពុជា។ លោកបានអះអាងទៀតថា កងយោធពលខេមរភមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយព្រោះថា ការអំពាវនាវនោះគឺជាការញុះញង់ឲ្យកងទ័ពផ្តួលរំលំរដ្ឋាភិបាល ធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ ៕