ភ្នំពេញ ៖ ឯ.ឧ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសេចក្តីសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលហាមមិនឲ្យមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ធ្វើដំណើរចូលទឹកដីអាមេរិក ថាជាការសម្រេចចិត្តខុស ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក និងបំផ្លាញលិទ្ធិប្រជាធិបតេយ្យដែលសហរដ្ឋអាមេរិកបានសាងនៅកម្ពុជា។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាខាងលើនេះ បានធ្វើឡើងភ្លាមៗ នាព្រឹកថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសដាក់កំហិតទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងក្រុមគ្រួសារ មិនឲ្យធ្វើដំណើរចូលទឹកដីសហរដ្ឋអាមេរិក ក្រោមហេតុផលថា មន្ត្រីទាំងនោះបានធ្វើឱ្យខូចដល់ដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ឯ.ឧ ផៃ ស៊ីផាន បានលើកឡើងថា “សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកជាការសម្រេចចិត្តមួយខុសពីស្ថានភាពពិតប្រាកដរបស់កម្ពុជា អំពីការប្រឹងប្រែងពង្រឹងលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា ចំពោះគណបក្សដែលត្រូវបានរំលាយរួចទៅហើយនោះ គឺ សម រង្ស៊ី និង កឹមសុខា មិនបានរួមជាដៃគូក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យដែលជាទំនិញរបស់សហរដ្ឋអាមេរិកចង់ បាននោះទេ គឺ សម រង្ស៊ី និង កឹម សុខា តែងតែធ្វើពហិការ គេតែងតែមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ គេប្រឆាំងជាមួយស្ថាប័នជាតិទាំងបី មានរាជរដ្ឋាភិបាល សភា និងតុលាការ ។ ឯ.ឧ បន្តថា ការសម្រេចចិត្តរបស់ក្រសួងការបរទេសអាមេរិក នាពេលនេះ មិនត្រឹមតែជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ ក៏ជាការបំផ្លាញមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទៀតផង”។
ឯ.ឧ ផៃ ស៊ីផាន បន្ថែមថា “ការសម្រេចចិត្តរបស់ក្រសួងការបរទេសអាមេរិកនេះគឺអយុត្តិធម៌ចំពោះអ្វីដែលកើតឡើងពិតប្រាកដនៅកម្ពុជា រួមទាំងការប្រឹងប្រែងរបស់កម្ពុជា ហើយអ្វីដែលកើត ឡើងនេះ គឺសហរដ្ឋអាមេរិកទេ ដែលបង្ហាញថា ខ្លួនមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា មិនស្វែងយល់ឲ្យបានច្បាស់គ្រប់ជ្រុងជ្រោយនៅក្នុងការសម្រេចចិត្ត។ ចំពោះសេចក្តីសម្រេចចិត្តនេះ ដែរ គឺទទួលបានសារមិនល្អពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គឺលោក វីល្លៀម ហេដ ដែលលោកបានយល់ច្រលំថា កម្ពុជាមានជំហរប្រឆាំងនឹងសហរដ្ឋអាមេរិក គឺជាការយល់ខុស ១០០%ដែលជាការបរិហារលើភក្តីភាពរបស់កម្ពុជា ចំពោះសហរដ្ឋអាមេរិក”។
គួរកត់សម្គាល់ថា នេះជាលើកទីពីរហើយដែលអាមេរិកប្រើវិធានតឹងរ៉ឹងមកលើកម្ពុជា បន្ទាប់ ពីការបញ្ឈប់ផ្តល់ជំនួយរបស់អាមេរិកមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា។
សូមជម្រាបផងដែរថា ក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក មិនបានចុចឲ្យចំឈ្មោះថា តើមានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជារូបណាខ្លះដែលត្រូវបិទទិដ្ឋាការនោះទេ តែបានភ្ជាប់ សមាជិកគ្រួសាររបស់មន្ត្រីទាំងនោះ ក៏មិនឱ្យចូលទៅកាន់ដឹកដីអាមេរិកផងដែរ។
ទោះជាយ៉ាងណាក៏ក្តី ការប្រកាសរបស់ក្រសួការបរទេសអាមេរិក ក៏បានអំពាវនាវរំឮកឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្វិលស្ថានការទាំងអស់ឲ្យវិលទៅរកស្ថានភាពដូចដើមឡើងវិញ ដែលទង្វើនេះ អាចឈានទៅរកការលើកលែងការហាមឃាត់ថ្មីរបស់អាមេរិកនេះវិញ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់រាជ រដ្ឋាភិបាល ឯ.ឧ ផៃ ស៊ីផាន បានបញ្ជាក់អះអាងថា ការអំពាវនាវរបស់អាមេរិក គឺមិនអាចឱ្យធ្វើតាមបានទេ ដោយកម្ពុជានៅតែបន្តដំណើរទៅមុខដដែល៕