ហ្សាការតា ៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយថា ស្ថានទូតអាមេរិកប្រចាំប្រទេសឥណ្ឌូណេស៊ីបានចេញផ្សាយសារព្រមានពីសន្តិសុខ សម្រាប់ពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិត ឬរស់នៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះឲ្យប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន។
ការចេញសារព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល និងក្រោយពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រកាសថ្កោលទោសខ្លាំងៗ លើការសម្រេចចិត្តបែបនេះ និងអំពាវនាវឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ស្ថានទូតអាមេរិកក៏បានព្រមានដែរថា ការទទួលស្គាល់នេះអាចនឹងជំរុញឱ្យមានការតវ៉ា ដែលអាចនឹងផ្ទុះទៅជាអំពើហិង្សា។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា «ស្ថានទូតអាមេរិកប្រចាំទីក្រុងហ្សាការតា សូមរំលឹកដល់ពលរដ្ឋអាមេរិក ពីភាពចាំបាច់នៃការប្រុងប្រយ័ត្ន និងស្វែងយល់ពីសន្តិសុខផ្ទាល់ខ្លួន ដោយត្រូវនៅឱ្យឆ្ងាយពីការតវ៉ា ស្ដាប់តាមការណែនាំពីអាជ្ញាធរនៅក្នុងតំបន់ ព្រមទាំងតាមដានការវិវត្តន៍ព័ត៌មាន ឱ្យបានដិតដល់»៕