រថយន្តដឹកកម្មករក្រឡាប់ធ្លាក់ផ្លូវ ស្លាប់កម្មការិនីម្នាក់ និងរបួស១៦នាក់
ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តដឹកកម្មករ-កម្មការិនី ធ្វើការរោងចក្រមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ក៏បែកកង់រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ។ ករណីនេះកើតឡើងនៅម៉ោង០៦ និង២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ក្នុងករណីខាងលើនេះបានបណ្តាលឲ្យស្លាប់កម្មការិនីម្នាក់ និងកម្មការិនី១៦នាក់ផ្សេងទៀត របួសធ្ងន់ស្រាល កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕