ម៉ានីល ៖ យោធាហ្វីលីពីនស្នើសុំប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ពន្យារច្បាប់អាជ្ញាសឹកនៅខេត្តមីដាណាវ ភាគខាងត្បូងប្រទេសថែមមួយឆ្នាំទៀត គិតចាប់តាំងពីដើមខែធ្នូនេះតទៅ បន្ទាប់ពីពួកឧទ្ទាម គាំទ្រ ISIS ភាគត្បូង បានបើកការវាយប្រហារមកលើកងកម្លាំងយោធារបស់រដ្ឋាភិបាលហ្វីលីពីនជាថ្មី។ នេះបើតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
ការទាមទារបែបនេះធ្វើឡើងទៅកាន់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោក ឌូតឺតេ និងត្រូវបានមន្ត្រីយោធា បង្ហើបឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយរង់ចាំតែការសម្រេចចុងក្រោយ ពីលោកប្រធានាធិបតីប៉ុណ្ណោះ។ ប្រការនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពួកឧទ្ទាមភាគត្បូង បានបើកការវាយប្រហារមកលើកងកម្លាំងយោធារបស់រដ្ឋាភិបាលហ្វីលីពីនជាថ្មី ហើយក៏កើតចេញជាការប្រយុទ្ធតបតគ្នាជាច្រើនលើក នាំឲ្យមនុស្សស្លាប់ជាច្រើននាក់បន្ថែមទៀត នៅលើប្រជុំកោះភាគខាងត្បូងនោះ។
សូមបញ្ជាក់ថា ការប្រកាសបន្តប្រើច្បាប់អាជ្ញាសឹកមួយឆ្នាំទៀតនេះ គឺបានកើតមានរយៈពេល៥០ថ្ងៃ ក្រោយពីការប្រការជោគជ័យ លើសង្គ្រាមរំដោះទីក្រុងម៉ារ៉ាវី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧បន្ទាប់ពីរយៈពេល១៤៨ថ្ងៃ នៃសង្គ្រាមដ៏ក្តៅគគុកនៅភាគខាងត្បូងហ្វីលីពីន បានអូសបន្លាយដែលជាហេតុបង្កឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត រួមមានទាំងយោធា ជនស៊ីវិល និងក្រុមឧទ្ទាមគាំទ្រ ISIS៕