កញ្ឆា​ក្រៀម​ជាង​២០​គីឡូ​បម្រុង​ឆ្លងដែន​ទៅ​វៀតណាម​ត្រូវ​នគរបាល​ស្រុក​គិរីវង់​បង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2017 ក+ ក-

ខេត្តតាកែវ ៖ កម្លាំង​នគរបាល​ស្រុក​គិរីវង់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ​ស្រុក​បន្ទាប់ពី​មានការ​បញ្ជា​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​កញ្ឆា​ក្រៀម​ជាង​២០​គីឡូ​បម្រុង​ដឹក​ឆ្លងដែន​ទៅ​វៀតណាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ចំបក​ទឹម ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ​។​
​បើតាម​លោក​អធិការ​ស្រុក​គិរីវង់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អោក ធិ​ន​ដា​វីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់​។ ចំណែក​បក្សពួក​ម្នាក់​ទៀ​ង​បាន​រត់គេចខ្លួន​។ លោក​បន្តថា មុននឹង​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដំបូង​ឡើយ​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក YAMAHA TAURUS ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដោយ​ដឹក​កញ្ឆា​ក្រៀម​ចំនួន​២៤​គីឡូក្រាម បម្រុង​នាំចេញ​ទៅ​ប្រទេស​វៀតណាម​។​
​ទោះបីយ៉ាងណា​លោក​អធិការ​បញ្ជាក់ថា បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​មេខ្លោង​ធំ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕