ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ មីនា ២០១៥ សមត្ថកិច្ចបានបញ្ជូនខ្លួន ជនសង្ស័យ ដែលបាញ់រះ នៅមុខក្លឹបរ៉ុក ឈ្មោះ កែវ វិទូ ដែលគេស្គាល់ថា ជាកូនលោកកែវ សុខឃាង អតីតប្រធានគយចល័ត មកតុលាការសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរ រួចបញ្ជូនទៅឃុំខ្លួនបណ្ណោះអាសន្នរង់ចាំមានចំណាត់ការថ្មី។
ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកដែលបាញ់បោះសេរីបង្កការ ភ្ញាក់ផ្អើលកណ្តាលក្រុងភ្នំពេញនៅមុខមណ្ឌលកម្សាន្តរ៉ក់នោះ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី១៦ ខែមីនា។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ កែវ ពិទូ ត្រូវជាកូនបង្កើតរបស់លោក កែវ សុខឃាង អតីតប្រធានគយចល័តទូទាំងប្រទេស។ ជនជាប់ចោទ កែវ វិទូ រួមនិងរថយន្តទំនើប លុចស៊ីស្ស៥៧០ ពណ៏សរ ពាក់ស្លាកលេខ 2AA-0007 ហើយនិងកាំភ្លើងអាការស្វ័យបត់ និងត្រូវសមត្ថកិច្ចបញ្ជូនមកតុលាការក្រុងភ្នំពេញសាកសួរម្តងទៀត នៅព្រឹកថ្ងៃ១៧មីនា ២០១៥នេះ។
ក្រោយពីដើមបណ្តឹងអ្នកមើលការខុសត្រូវនៅក្នុងក្លឹបកម្សាន្តរ៉ក់ បានដកពាក្យបណ្តឹងថ្នូរនិងសំណងខូចខាតអស់៥ម៉ឺនដុល្លារអាមេរិក ជនជាប់ចោទនៅតែត្រូវចាប់ខ្លួនដដែល ពីព្រោះពួកគេនៅជាប់បណ្តឹងអាជា្ញហើយប្រជាពលរដ្ឋរងចាំមើល ថាតើតុលាការចោទប្រកាន់បែបណា ពីព្រោះរឿងនេះស្រដៀងនិងការបាញ់បោះនៅខេត្តកំពង់ស្ពឺ ខុសត្រង់តែ ជនជាប់ចោទមិនបានបំពាក់ខ្នោះដៃដូចរឿងបាញ់នៅខេត្តកំពង់ស្ពឺប៉ុណ្ណោះ។
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញានិងតាម ចាប់ខ្លួន ក្នុងនោះមានម្នាក់ ជាកូនអតីតប្រធានគយចល័តទូទាំងប្រទេស កែវ សុខ ឃាង ឈ្មោះ កែវ វិទូ មានទីលំនៅ សង្កាត់មិត្តភាព ខណ្ឌ៧មករា និងម្នាក់ទៀតជាប្អូនថ្លៃលោក កែវ សុខឃាង ឈ្មោះ ងយ មិនា ហៅ ឡាន់ អាយុជាង៣០ឆ្នាំ ស្នាក់នៅសង្កាត់មិត្តភាពដូចគ្នា។
រឿងនេះផ្តើមចេញពីជម្លោះពាក្យសម្តីក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក របស់ លោកឧកញ៉ា គិត ធាង ក្រុមអ្នកមានលុយ ដែលគេ ដឹងសង្ស័យថា ជាកូនមេគយ កែវ សុខឃាង ឈ្មោះកែវ វិទូ និងប្អូនថ្លៃ បានទាញកាំភ្លើងអាកាស្វាយបត់បាញ់រះ នៅបន្ទប់ ជាន់ក្រោមចំនួន១៧គ្រាប់ បណ្តាលឲ្យមនុស្សម្នាក់រងរបួស បែកកញ្ចក់ និងខូចខាតគ្រឿងបរិក្ខាអស់ជាច្រើន កាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមអ្នកមានចូលសប្បាយពេលរាត្រី ៥-៦នាក់ បានជិះរថយន្តលុច្សស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-0007 ចូលទៅអង្គុយផឹកស៊ីនៅបន្ទប់ជាន់ ក្រោមក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក។ លុះមួយសន្ទុះក្រោយមក ក្រុមអ្នកផឹកស៊ីជាន់ក្រោម ដែលគេស្គាល់ថា សុទ្ធតែ ជាអ្នកមានលុយនោះ បានមានជម្លោះជាមួយបុរសម្នាក់ដែលគេអះអាងថា ជាអង្គរក្ស លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលកំពុងច្រៀងកម្សាន្តនៅបន្ទប់ជាន់លើ ហើយពួកគេក៏បាននាំគ្នាទៅវាយបុរសនោះ បន្ទាប់ពីរំខានក្នុងពេលច្រៀង។ បន្ទាប់ពីវាយគេហើយនៅតែមិនរំសាយកំហឹងក្នុងខ្លួននោះ ក្រុមអ្នកមានលុយទាំងអស់នេះ ក៏បានទៅទាញកាំភ្លើង អាកាស្វាយបត់ ពីក្នុងរថយន្តមកបាញ់រះរហូតដល់១៧គ្រាប់ បណ្តាលឲ្យមនុស្សម្នាក់ដែលគេដឹងថា ជាមន្ត្រីនគរបាលក្រុងភ្នំពេញរងរបួស និងបែកបាក់ខូចខាតគ្រឿងបរិក្ខានៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុកជាច្រើនផ្សេងទៀត។
សមត្ថកិច្ច បានបន្តឲ្យដឹងថា ក្រោយបង្កការបាញ់បោះហើយ ក្រុមអ្នកមានលុយ និងអំណាច ជាន់ឈ្លីច្បាប់សង្គមទាំងអស់នោះ បាននាំគ្នារត់ចូលរថយន្តហើយព្យាយាមបើកគេចខ្លួន ខណ:ប្រភពខ្លះបាននិយាយថា សមត្ថកិច្ចបានឃាត់ខ្លួនតាំងពីពេលក្រោយកើតហេតុម្ល៉េះ ប៉ុន្តែសមត្ថកិច្ចដោះលែងវិញ។ ក្រោយមកសមត្ថកិច្ចមួយក្រុមទៀត ក៍ដេញតាមរថយន្ត រហូតជនបង្ករយករថយន្តនិងកាំភ្លើងអាការទៅប្លុងចោលក្នុងបុរី ពិភពថ្មីនៅជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយគេចខ្លួនបាត់ បន្ទាប់ពីសមត្ថកិច្ចឃាត់បានដែរតែដោះលែងវិញ។
ពាក់ព័ន្ធនិងរឿនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជូន សុវណ្ណ មិនបានបរិយាយឡើយ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងទៀតថា នៅជិតកន្លែងកើតហេតុគេបានរកឃើញសម្បកគ្រាប់កាំភ្លើងអាកាស្វាយ បត់ប្រមាណ ១១គ្រាប់។
សមត្ថកិច្ច ក៏បង្ហើបឲ្យដឹងផងដែរថា ជនបាញ់បោះនោះ គឺជាកូន និង ប្អូនថ្លៃរបស់អតីត មេគយដ៏មានលុយយ៉ាងសន្ធឹកសន្ធាប់ លោក កែវ សុខឃាង ហើយក្នុងហេតុការណ៍នោះ ក៏មានរូបលោក កែវ សុខ ឃាង ផងដែរ។
ប្រជាពលរដ្ឋបានដាក់ជាសំនួរថា កូនប្រុសលោក កែវ សុខឃាង បានកាំភ្លើងអាការមកពីណា ហើយហេតុអ្វីហ៊ានបាញ់បោះមិនញញើតច្បាប់បែបនេះ បើឥទ្ធិពលឪពុករបស់ខ្លួនមានត្រឹមអតីតមេគយចល័តប៉ុណ្ណោះ ឬក៏គេគិតថាឪពុករបស់គេជាមេកន្ទ្រាញត្រួតត្រាផ្តាច់មុខនៅប្រទេសកម្ពុជា៕