ប៉ារីស ៖ រដ្ឋមន្ត្រីការទេសបារាំង លោក Jean-Yves le Drian បាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល គឺជាទង្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិ ប៉ុន្តែលោកសូមឲ្យគ្រប់គ្នាមានការស្ងប់ស្ងាត់ កុំឲ្យស្ថានការណ៍កាន់តែរីកធំ។ លោកបញ្ជាក់ថា សកម្មភាពប្រឆាំងអ៊ីស្រាអែល ឬគេស្គាល់ថា intifada អាចនឹងបង្កជា ហានិភ័យនៅលើទឹកដីប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មានបារាំង Le Figaro។
លោក Jean-Yves le Drian ថ្លែងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង France inter តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនទីក្រុងប៉ារីស ត្រូវទទួលស្វាគមន៍ដំណើរទស្សន កិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benyamin Netanyahou នៅថ្ងៃអាទិត្យនេះ។
រដ្ឋមន្ត្រីការបទេសបារាំងរូបនេះបានបញ្ជាក់ថា «ការសម្រេចចិត្ត របស់លោក ដូណាល់ ត្រាំ គឺជាទង្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិ ហើយយើងជំទាស់នឹងការសម្រេចិត្តបែបនេះ… ប៉ុន្តែយើងនៅតែអំពាវនាវឱ្យមានការរក្សាភាពស្ងៀមស្ងាត់»។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធកន្លងទៅបានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយក៏បាន បញ្ជាឱ្យក្រសួងការបរទេសអាមេរិក ត្រៀមរៀបចំផ្លាស់ប្ដូរស្ថានទូតអាមេរិកពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមផងដែរ៕