ក្រុមចម្រុះ​អារ៉ាប់​វាយប្រហារ​តាម​អាកាស​នៅ​យ៉េ​មែន​ផ្តាច់ជីវិត​មនុស្ស​០៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2017 ក+ ក-

​សា​ណា​អា ៖ មនុស្ស​យ៉ាងហោចណាស់​០៦​នាក់​បាន​ស្លាប់បាត់​ជីវិត និង​ជាច្រើន​នាក់​ទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ក្រុមចម្រុះ​អារ៉ាប់​ដឹកនាំ​ដោយ អា​រ៉ា​ប៊ី​សា​ឌី​ត លើ​ផ្សារ​ពីរ​កន្លែង​ក្នុងប្រទេស​យ៉េ​មែន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន CGTN ។​
​បើតាម​ប្រភពពី​មន្ទី​ពេទ្យ​នៅក្នុង​តំបន់​និយាយថា ការវាយប្រហារ​លើកទីមួយ​គឺមាន​គោលដៅ​លើ​ផ្សារ Khalakah ក្នុងស្រុក Nehm ស្ថិតនៅ​ចំងាយ​៣០​គីឡូម៉ែត្រ ភាគ​ឦសាន នៃ​រដ្ឋធានី​សា​ណា​អា ស្ថិតនៅក្រោម​ការ​គ្រប់​គ្រប់​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​។ ការវាយប្រហារ​នេះ​បាន​ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស​០៥​នាក់ និង​២០​នាក់​ទៀត រងរបួស​។ ចំណែកឯ​ការវាយប្រហា​រ​តាមផ្លូវ​អាកាស​លើក​ទី​២ គឺ​បាន​កើតឡើង​នៅឯ​ផ្សារ​មួយ​ផ្សេងទៀត ស្ថិតនៅ​ក្នុងស្រុក Zabid នៃ​ភាគខាងត្បូង​ទីក្រុង Hodeidah ដោយ​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​១៥​នាក់​រងរបួស​។​
​សូមជម្រាបថា ការវាយប្រហារ​តាមផ្លូវ​អាកាស​ទាំងនេះ កើតឡើង​តែ​០៦​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី បានសម្លាប់​អតីត​ប្រធានាធិបតី​យ៉េ​មែន លោក Ali Abdullah Saleh ដែល​បានបង្ហាញ​ពី​ទំនោរ​ចង់​ផ្សះផ្សា​ជាមួយ​ទីក្រុង​រី​យ៉ា​ដ​៕