អេហ្ស៊ីប ៖ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Gebran Bassil បាននិយាយថា សម្ព័ន្ធអារ៉ាប់គួរតែដាក់ទណ្ឌកម្ម ឬសម្ពាធលើសហរដ្ឋអាមេរិកឱ្យលុបចោលការសម្រេចចិត្តចំពោះការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។
លោក Bassil ថ្លែងបែបនេះនៅក្នុងពិធីកិច្ចប្រជុំមួយក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ធ្វើឡើងដោយមានសំណើពីប៉ាឡេស្ទីន និងហ្ស៊កដានី បន្ទាប់ពីលោកដូណាល់ ត្រាំ បាន ប្រកាសកាលពីថ្ងៃពុធទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ក៏ដូចជាបញ្ជាឱ្យក្រសួងការបរទេសរបស់ខ្លួន ត្រៀមរៀបចំផ្លាស់ប្ដូរស្ថានទូតអាមេរិក ប្រចាំទីក្រុងតែអាវីវ ទៅទីក្រុងហ្សេរុយសាឡឹម បើទោះជាមានការរិះគន់ និងថ្កោលទោសពីអន្តរជាតិក៏ដោយ។ នេះបើតាមសរព័ត៌មាន Russian Today ។
ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីការបរទេសសម្ព័ន្ធអារ៉ាប់ កាលពីថ្ងៃសៅរ៍ លោក Gebran Bassil ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរចំពោះការសម្រេចចិត្តរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយលោកចាត់ទុកថា វាគឺជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ និងមិនអាចទទួលយកបាន។ លោក Bassil បានបញ្ជាក់ថា «វិធានការបឋមគួរតែត្រូវធ្វើឡើងប្រឆាំងនឹងការសម្រេចចិត្តនេះដោយផ្ដើមដំបូងពីការដាក់សម្ពាធការទូត ហើយបន្ទាប់មកគឺសម្ពាធនយោបាយ មុននឹងយើងត្រូវ ចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»៕