ចិន ៖ មន្ត្រីមូលដ្ឋានបាននិយាយថា មនុស្សចំនួន៤នាក់បានស្លាប់ ហើយចំនួន៦នាក់ទៀតបានកប់នៅក្រោមគំនរបែកបាក់ ខណៈមនុស្សម្នាក់ទៀតត្រូវបានជួយសង្គ្រោះក្រោយពីមានការផ្ទុះរោងចក្រគីមីមួយនៅទីក្រុងលៀនយុងហ្គាងនៅខេត្តជាំងស៊ូនៅភាគខាងកើតប្រទេសចិនកាលពីចុងសប្តាហ៍កន្លងទៅនេះ។
មន្ត្រីមូលដ្ឋានភ្លាមៗនោះបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះ និងគ្រឿងម៉ាស៊ីនដើម្បីធ្វើការជួយសង្គ្រោះរួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង អ្នកពន្លត់ភ្លើង១៣៥នាក់ រថយន្តសាមុយ១២គ្រឿង បុគ្គលិកពេទ្យចំនួន៥០នាក់ និងគ្រឿងចក្រមួយចំនួនទៀត។
កម្មករម្នាក់ត្រូវបានជួយសង្គ្រោះក្នុងគ្រោះថ្នាក់ដែលបានកើតឡើងកាលពីចុងសប្ដាហ៍មកនេះ ហើយកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ ហើយប្រតិបត្តិការជួយសង្គ្រោះនេះនឹងបន្តរហូតដល់កម្មករដែលកប់ក្រោមគំនរទាំង៦នាក់នេះត្រូវបានជួយសង្គ្រោះអស់។
មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា រោងចក្រនេះបានបញ្ឈប់ការផលិត និងដកគ្រឿងគីមីដែលនៅសល់ប៉ុន្មានទៀតចេញពីរោងចក្រនេះ ហើយគេមិនទាន់ឃើញមានការលេចធ្លាយសារធាតុគីមីនៅឡើយទេ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់នេះគេមិនទាន់ដឹងច្បាស់នៅឡើយទេ៕