ខេត្តព្រះសីហនុ ៖ តាមព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ នគរបាលខេត្តព្រះសីហនុ នឹងបញ្ជូនជនជាតិចិនចំនួន ៣នាក់ ដែលពាក់ព័ន្ធបទឧក្រិដ្ឋជំរិតទារប្រាក់ចំនួន៨០ម៉ឺនដុល្លារ ពីជនជាតិចិនដូចគ្នាទៅតុលាការ ។
គួរម្លឹកថា ការឃាត់ខ្លួនជនជាតិចិនទាំង៣នាក់នោះធ្វើឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងបុរីប៊ីអេសអូមួយ ក្នុងក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណដែលករណីនេះ សមត្ថកិច្ចក៏បានរំដោះជនរងគ្រោះដោយសុវត្ថិភាពផងដែរ ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ ១.ឈ្មោះ ZHENG RONGMAO ភេទប្រុស អាយុ២៦ឆ្នាំ, ២.ឈ្មោះ DAI HONGDA ភេទប្រុស អាយុ២៣ឆ្នាំ និង៣.ឈ្មោះ LIN JINPEI ភេទប្រុស អាយុ២៤ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ LI FUJIE ភេទប្រុស អាយុ៤៧ឆ្នាំ ជាពាណិជ្ជករ និងជាជនជាតិចិនដូចគ្នា។ ចំណែកវត្ថុតាងរឹបអូសបាន កាំភ្លើងខ្លី១ដើម ម៉ាកBERITA STOM បង់ចំនួន២ គ្រាប់ចំនួន១០គ្រាប់, កូនកាំប៊ិត១, ខ្សែចងរឹត(ស៊ីល)២ដុំ ទូរស័ព្ទដៃ៦គ្រឿង និងរថយន្តម៉ាកលុច្សស៊ីស១គ្រឿង ៕