អង់ការ៉ា ៖ កាលពីម្សិលមិញប្រធានាធិបតីប្រទេសរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការទង្វើរបស់សហរដ្ឋអាមេរិកក្នុងការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនិងការរើស្ថានទូតអាមេរិកទៅទីនោះគឺជាការបង្កឲ្យមានអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។
លោក ពូទីន ថ្លែងបែបនេះក្នុងជំនួបជាមួយប្រធានាធិបតីប្រទេសតួកគីគឺលោក រ៉េស៊ីប តាយីបអេដូហ្គាន នៅទីក្រុងអង់ការ៉ាប្រទេសតួកគី។ ទន្ទឹមនោះលោក ពូទីន ក៏បានប្រកាសពីជ័យជម្នះនៅប្រទេសស៊ីរីនៅពេលលោកបានធ្វើដំណើរទៅពិនិត្យមើលមូលដ្ឋានយោធារបស់ប្រទេសរុស្ស៊ីនៅប្រទេសស៊ីរី និងបាននិយាយកោតសរសើរពីតួនាទីរបស់ខ្លួននៅក្នុងជម្លោះនៅប្រទេសស៊ីរីផងដែរ។ ក្រៅពីនេះលោកក៏បានបញ្ជាឲ្យគេដកកងទ័ពរបស់ប្រទេសរុស្ស៊ីមួយផ្នែកចេញពីប្រទេសស៊ីរី។
សូមបញ្ជាក់ថា លោក ពូទីន បានធ្វើដំណើរទៅដល់ទីក្រុងអង់ការ៉ាក្រោយពីបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប និងប្រទេសស៊ីរីដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីប្រទេសទាំងនេះពាក់ព័ន្ធនឹងកិច្ចការនយោបាយ និងការពង្រឹងទំនាក់ទំនងជាមួយគ្នា៕