មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​​វៀតណាម​បួន​នាក់​ករណី​ចូល​កាប់​ឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2017 ក+ ក-

ខេត្តរតនគិរី ៖ ក្រុមមន្ត្រី​ក្រសួងបរិស្ថាន​បាន​ចុះ​ប្រតិបត្តិការ​ទៅ​តំបន់​កន្ទុយ​នាគ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៤​នាក់ ខណៈ​ពួកគេ​ចូលមក​ទឹកដី​ខ្មែរ ត្រង់​តំបន់​ក្បែរ​កន្ទុយ​នាគ​ចំណុច​បង្គោល​សីមា​លេខ​១០ ដើម្បី​កាប់​ឈើ ។​
មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧​ថា ជនជាតិ​វៀតណាម​ទាំង​៤​នាក់​នោះ​ទី​១៖ ឈ្មោះ ដន ង៉ុ​កតន អាយុ​២៤​ឆ្នាំ ទី​២៖ ឈ្មោះ ង៉ូ វ៉ាន់​ង៉ុ​ក អាយុ​៥៨​ឆ្នាំ ទី​៣៖ ឈ្មោះ ដាម ឌឹ​ក​ជុង អាយុ​២៥​ឆ្នាំ (​អ្នក​ទាំង​៣​មាន​ទីលំនៅ​ខេត្ត​ក​ន្ទូ​ម​) និង​ទី​៤៖ ឈ្មោះ ចិន ង៉ុ​ក​វឹង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ខេត្ត​យ៉ា​ឡាយ​។​
បើតាម​មន្ត្រី​បរិស្ថាន ពេល​នាំខ្លួន​ជនជាតិ​វៀតណាម​៤​នាក់​នេះ ដោយ​ភ្ជាប់​ជាមួយ​មធ្យោបាយ​កាប់ និង​ដឹកជញ្ជូន​ឈើ តែដោយសារ​ស្ថានភាព​ផ្លូវ​មិនអាច​យកមក​ខេត្ត​បាន ក៏ត្រូវ​ដុត​កម្ទេចចោល​នៅ​កន្លែង​នោះ​តែម្តង ។​
មាន​ព័ត៌មាន​មួយទៀត​បាន​ឲ្យ​ដឹងថា មុន​និង​កម្លាំង​ក្រសួងបរិស្ថាន​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​៤​នាក់​នោះ គឺ​ខាង​មន្ត្រី​បរិស្ថាន​ខេត្ត ចុះទៅ​តំបន់​នោះ​មុន​ដែរ ប៉ុន្តែ​មិនមាន​លទ្ធផល ។
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ប៊ុនធឿន ស្នងការរង​ទទួលបន្ទុក​ជនអន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា រហូតមកដល់​ព្រឹក​នេះ ជនជាតិ​វៀតណាម​ទាំង​៤​នាក់ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​នៅឡើយ មិនទាន់​បញ្ជូនមក​ន​គ​របាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​នៅឡើយ​ទេ​៕