ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១៣ ខែធ្នូនេះ អគ្គលេខាធិការរងអាជ្ញាធរជាតិទប់ស្កាតអាវុធគីមី នៃក្រសួងការពារជាតិបានបន្តដឹកនាំក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons – OPCW) ចុះមកពិនិត្យគ្រាប់បែកគីមីដែលអាមេរិកទម្លាក់មិនផ្ទុះនៅលើទឹកដីស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបានរកឃើញចំនួន១០ធុង ថ្មីទៀតកាលពីពេលកន្លងទៅ ខណៈដែលការចុះត្រួតពិនិត្យនេះបានចាប់ផ្តើមធ្វើឡើងតាំងពីរសៀល ម្សិលមិញ។
បើតាមឧត្ដមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរជាតិទប់ស្កាតអាវុធគីមី នៃក្រសួងការពារជាតិ បានមានប្រសាសន៍ថា តាំងពីឆ្នាំ២០១៥ គ្រាប់បែកគីមីរបស់អាមេរិកត្រូវបានរកឃើញនៅគោលដៅ៨ចំណុច ហើយគ្រាប់បែកទាំងនេះធ្លាប់មានអ្នកជំនាញជនជាតិអាមេរិកមកពិនិត្យម្ដងរួចមកហើយ ប៉ុន្តែក្រុមអ្នកជំនាញអង្គការ OPCW គឺគេចង់មកពិនិត្យម្ដងទៀត ឲ្យកាន់តែជាក់ច្បាស់។
ទោះជាយ៉ាងណាលោកមិនទាន់អាចសន្និដ្ឋានថា សំណល់គ្រាប់បែកគីមីទាំងនេះ ជាប្រភេទគីមីអ្វីនោះដែរ លុះត្រាតែការពិនិត្យ និងពិសោធន៍របស់អ្នកជំនាញ OPCW ចប់សព្វគ្រប់ ទើបអាចជជែក និងផ្ទៀងផ្ទាត់ព័ត៌មានរួមគ្នាថា គ្រាប់បែកគីមីទាំងនេះ ជាគ្រាប់បែកគីមីអ្វីឲ្យប្រាកដនោះ។
សូមបញ្ជាក់ថា ប្រភេទគ្រាប់បែកគីមីទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានអះអាងថា សុទ្ធតែជាគ្រាប់បែកដែលទម្លាក់មិនផ្ទុះ ដូច្នេះគឺវានៅមានផ្ទុកសារធាតុគីមី និងសាយភាយជុំវិញបរិវេណគ្រាប់បែកទាំងនោះ ហើយ ស្ថានភាពគ្រាប់បែកទាំងនោះ គឺមានរាងដូចធុងសាំង ព្រមទាំងមានសភាពពុកផុយ អាចមើលឃើញប្រភេទផ្សៅគីមីដែល ផ្ទុកក្នុងគ្រាប់បែកនោះតែម្ដង ហើយឥទ្ធិពលគីមីគ្រាប់បែកទាំងនេះ គឺគ្រាន់តែនៅក្បែរវាក៏អាចធ្វើឲ្យ យើងរមាស់លើស្បែក ប៉ះពាល់ដល់ផ្លូវដង្ហើមផងដែរ ៕