វ៉ាស៊ីងតោន ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក រ៉ិក ធីល័រសុន បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចហើយក្នុងការពិភាក្សាជាមួយប្រទេសកូរ៉េខាងជើងនៅពេលណាក៏បានប៉ុន្តែរដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវតែត្រៀមខ្លួនក្នុងការផ្លាស់ប្ដូរមាគ៌ាទៅរកកម្មវិធីផលិតមីស៊ីល និងនុយក្លេអ៊ែរ។
ទន្ទឹមនេះដែរលោក ធីល័រសុន បាននិយាយក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកវិភាគក្នុងទីក្រុងវ៉ាស៊ីងតោនសហរដ្ឋអាមេរិកថា ការត្រៀមខ្លួនរបស់យោធាសហរដ្ឋអាមេរិកក្នុងការឆ្លើយតបនឹងការគំរាមកំហែងណាមួយពីប្រទេសកូរ៉េខាងជើងក៏មានលក្ខណៈមួយខ្លាំងផងដែរ។
ពេលនេះកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកកំពុងទទួលការបញ្ជាឲ្យត្រៀមលក្ខណៈនៅគ្រប់អង្គភាពទាំងអស់។
សូមបញ្ជាក់ថា កន្លងមកនេះលោក ធីល័រសុន ក៏ធ្លាប់បានជជែកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពីការប្រើបណ្ដាញទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងដែរ ប៉ុន្តែលោក ត្រាំ បាននិយាយថា វាគឺជាការចំណាយពេលវេលាឥតប្រយោជន៍៕