ហ្វីលីពីន ៖ កាលពីថ្ងៃពុធក្រុមសមាជិកសភាប្រទេសហ្វីលីពីនបានគាំទ្រទាំងស្រុងនូវផែនការរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូធឺតេ ក្នុងការបន្តអនុវត្តច្បាប់អាជ្ញាសឹករយៈពេលមួយឆ្នាំទៀតនៅលើកោះមីនដាណាវនៅភាគខាងត្បូងប្រទេស ដើម្បីបំផ្លាញក្រុមអ៊ីស្លាមនិយម និងក្រុមឧទ្ទាមកុម្មុយនិស្ត។
ការបន្តអនុវត្តច្បាប់អាជ្ញាសឹករហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះគឺជារយៈពេលមួយយូរជាងគេបំផុតក្នុងចំណោមច្បាប់អាជ្ញាសឹក ដែលបុរសខ្លាំងប្រទេសហ្វីលីពីនគឺលោក ហ្វេឌីណាន ម៉ាកូស ធ្លាប់បានប្រើតាំងពីទសវត្សរ៍ឆ្នាំ១៩៧០។
ក្នុងសម័យប្រជុំពេញអង្គនៃសភាជាតិពីថ្ងៃម្សិលមិញនេះ សមាជិកសភាចំនួន២៤០រូបក្នុងចំណោម២៦៧រូបបានបោះឆ្នោតគាំទ្រលោក ឌូធឺតេ ដើម្បីចាត់វិធានការតឹងរ៉ឹងបញ្ឈប់ក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋអ៊ីស្លាមដែលកំពុងជ្រើសរើសយុទ្ធជន និងត្រៀមខ្លួនធ្វើការវាយប្រហារថ្មីៗទៀត។
សូមបញ្ជាក់ថា ក្នុងការអនុវត្តច្បាប់អាជ្ញាសឹកនៅភាគខាងត្បូងប្រទេសហ្វីលីពីនកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធប្រទេសហ្វីលីពីនបានសម្លាប់មនុស្សជាង១១០០នាក់ភាគច្រើនជាក្រុមសកម្មប្រយុទ្ធ និងបានធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋានជាង២០ម៉ឺននាក់រត់ចេញពីទីក្រុងម៉ារ៉ាវី៕