ខេត្តព្រះសីហនុ៖ក្រុមគ្រូទាយជនជាតិឥណ្ឌាចំនួន ៣នាក់ ត្រូបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនទាក់ទងបទចោទប្រកាន់ឆបោក ដែលប្តឹងដោយភ្ញៀវ ទេសចរជនជាតិអូស្ត្រាលីម្នាក់ ដែលកំពុងមកលេងកំសាន្តនៅតំបន់ឆ្នេសមុទ្រ នាខេត្តទេសចរណ៍ មួយ នេះ។
យោងតាមប្រសាសន៍របស់លោកវរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា ការឃាត់ខ្លួនជនបរទេសទាំង ៣នាក់នេះ បន្ទាប់ពីទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថា មានជនជាតិឥណ្ឌា ៣នាក់ បានប្រព្រឹត្តិអំពើឆបោក ដោយធ្វើការទស្សទាយគិតប្រាក់ ពីភ្ញៀវ ដែលមកលេងកម្សាន្ត នៅតាមឆ្នេរសមុទ្រ អូរឈើទាល ស្ថិតនៅ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនជាតិឥណ្ឌាទាំង ៣នាក់មកសួរនាំ រួមមាន៖
១-ឈ្មោះ SING SAWAN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិត ឆ្លងដែនលេខ L995625 មានសុពលភាព ថ្ងៃទី៣.៧.២០២៤ មុខរបរទេសចរណ៍ ។
២-ឈ្មោះ NISHAN SINGH ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ M 8535094 មានសុពលភាព ២៧.៥.២០២៥ មុខរបរ ទេសចរណ៍។
៣-ឈ្មោះ RANDHAWA SINGH ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិឥណ្ឌាកាន់លិខិតឆ្លងដែនលេខk0333465 មានសុពលភាព ថ្ងៃទី៦.៥.២០២២ ។ អ្នកទាំង៣ ស្នាក់នៅផ្ទះជួល ក្រុមទី១៦ ភូមិទី១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ RENE WALTER GEIGER ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ អូស្ត្រាលី ជាភ្ញៀវទេសចរ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ទាក់ទងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងដែរថា ករណីនេះ សមត្ថកិច្ចបានស៊ើបអង្កេតស្រាវជ្រាវរួចហើយ ដោយមានសាក្សី និងភស្តុតាងគ្រប់គ្រាន់ អាចដាក់បន្ទុកលេីជាតិឥណ្ឌាទាំង ៣នាក់ ពីបទល្មើសឆបោក។ក្នុងនោះ មាន វត្ថុតាង ដែលសមត្ថកិច្ចចាប់យកបាន គឺលុយចំនួន ១៦០ដុល្លារ។
លោក កុល ផាលី បន្តថា ចំពោះជនសង្ស័យជនជាតិឥណ្ឌាទាំង ៣នាក់ខាងលើ សមត្ថកិច្ចកំពុងចាត់ការតាមនិតិវិធីច្បាប់ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាកខេត្តព្រះសីហនុដើម្បីបញ្ជូនបន្ត៕