ភ្នំពេញ:លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះគំរាមវាយខ្នោះលោក កឹម សុខា បើសិនលោក កឹម សុខា ដឹកនាំបាតុកម្មឲ្យដោះលែងលោក មាជ សុវណ្ណរ៉ា ។
លោក ហ៊ុន សែន ព្រមានបែបនេះក្នុងពេលចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយនៅ ព្រឹកនេះ មុនពេលលោកចូលប្រជុំសភាអនុម័តច្បាប់បោះឆ្នោតថ្មី ។
លោកថ្លែងថា «សំណួរទៅលោក បើសិនជាលោក មាជ សុវណ្ណារ៉ា មិនអាចចេញពីគុកក្រោយចូលឆ្នាំតើលោកនឹងធ្វើអី ? លោកនឹងដឹកនាំមនុស្សតាមចិញ្ចើមថ្នល់ទៀតឬអី? ធាតុផ្សំកំពុងរង់ចាំលោកហើយ អាវុធហត្ថ នគរបាលត្រៀមខ្លួន ខ្នោះធ្វើលាបពណ៌ឲ្យស្អាតតិច ។ លោកឯងថាមិនអាចទទួលយកបាន ខ្ញុំមិនអាចទទួលយកបាន ឥឡូវខ្ញុំចង់សួរលោកឯង លោកឯងត្រៀមអ្វី ព្រោះលោកឯងកំពុងតែស្ថិតនៅក្នុងពិរុទ្ធភាពជាមេដឹកនាំនៃ ការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់» ។
លោក ហ៊ុន សែន ក៏បានចំអកឲ្យលោក កឹម សុខា ឲ្យលាលែងពីតំណែងអនុប្រធានទី១នៃរដ្ឋសភា ដោយសារ កឹម សុខា ថ្លែងនៅសហរដ្ឋអាមេរិកថា លោកមិនពេញចេញចិត្តព្រមព្រៀងថ្ងៃ២២កក្កដា ជាមួយគណបក្សប្រជាជនកម្ពុជា ។ លោកថ្លែងថា «បើ ខ្ញុំជាកូនប្រុស ខ្ញុំសុំលាលែងពីអនុប្រធានទី១នៃរដ្ឋសភា ព្រោះលោកឯងអត់ពេញចិត្ត ។ អញ្ចឹងលោកឯងមិនពេញចិត្ត តែលោកឯងពេញចិត្ត គឺពេញចិត្តតំណែងអនុប្រធានទី១នៃរដ្ឋសភា» ។
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានចាត់វិធានការលើលោក កឹម សុខា ដែលលោក ហ៊ុន សែន អះអាងថាលោក កឹម សុខា បានសារភាពពីការបរាជ័យលើការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់គណបក្ស ប្រជាជនកម្ពុជា ។
ប៉ុន្តែលោក កឹម សុខា បដិសេធថាលោកមិនបានប្រើពាក្យថាផ្តួលរំលំរដ្ឋាភិបាលនោះទេ គឺបានប្រើពាក្យថាផ្លាស់ប្តូរ ហើយថាការផ្លាស់នោះត្រូវធ្វើឡើងដោយសន្តិវិធី និងអហិង្សា ។ លោក កឹម សុខា ក៏បានពន្យល់ប្រាប់អ្នកគាំទ្រនៅអាមេរិកទៀតថា គណបក្សសង្គ្រោះជាតិបានធ្វើមានការផ្លាស់ប្តូរនៅពេលនេះ គឺមាន គ.ជ.ប ថ្មី បើទោះជាការផ្លាស់ប្តូរនោះមិនបាន១០០%ក៏ដោយ ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃនេះបានបំភ្លឺបន្ថែមថា លោក កឹម សុខា មិនបានមានប្រសាសន៍ថា “ផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ” ផ្ទុយទៅវិញ លោកមានប្រសាសន៍ថា “សូមទោសបងប្អូន ដែលខ្ញុំមិនអាចដឹកនាំការផ្លាស់ប្តូរបាន១០០%ភ្លាម” ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ប្រសាសន៍នេះមានន័យថា ការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត មិនមែនជាការផ្តួលរំលំនោះទេ ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច ពន្យល់ថា ក្នុងរបបប្រជាធិបតេយ្យ ការចង់ប្តូរមេដឹកនាំក្រៅពីតាមរយៈបោះឆ្នោត ស្មើនឹងការធ្វើរដ្ឋប្រហារ ។ ប៉ុន្តែលោកថា បើបាតុកម្មនោះ ផ្ទុះឡើងអំឡុងពេលកំពុងប្រទាញប្រទង់លទ្ធផលបោះឆ្នោត លោកថាបាតុកម្មនោះមិនចាត់ថា វើរដ្ឋប្រហារទេ ។ លោកថ្លែងថា « យើងដឹងហើយថា យើងមានរដូវ បើសិនជាគណបក្សសង្គ្រោះជាតិ លោកប្រើប្រាស់ក្នុងរដូវបោះឆ្នោត ខ្ញុំថាដូចជាមិនបញ្ហាទេ ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានចូលសភាហើយ អ៊ីចឹងកាលណាចូលសភា រាល់ខ្លឹមសារពាក្យពេជន៍បែបណា យើងអាចជជែកគ្នានៅក្នុងសភា ហើយបើមិនទេ យើងអាចដើរចេញពីសភាដើម្បីកុំឲ្យខ្លួននៅក្នុងសភាហើយ អត់យកបញ្ហាទៅលើក ហើយលើកបញ្ហានៅសាធារណៈ នេះជារៀងមួយមិនប្រក្រតីទេសម្រាប់គណបក្សដែលមានអាសនៈនៅក្នុងសភា » ។
ជារឿយៗ ក្រោយការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យកម្លាំងប្រដាប់អាវុធ ត្រៀមទប់ស្កាត់ ដោយមិនយោគយល់លើក្រុមប្រឆាំងទាំងឡាយណា ដែលលោកចោទថាមានគំនិតចង់ផ្តួលរំលំរដ្ឋាភិបាល ៕