ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករគឺជាកម្មវិធីដ៏សំខាន់មួយ រួមចំណែកអនុវត្តគោលនយោបាយស្រូវអង្កររបស់រាជរដ្ឋាភិបាល ដែលទទួលហិរញ្ញប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី, កម្មវិធីកសិកម្ម និងសន្តិសុខស្បៀងពិភពលោក,មូលនិធិយុទ្ធសាស្ត្រអាកាសធាតុនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។
ក្រសួងបានបន្ថែមថា កម្មវិធីនេះមានទិសដៅបង្កើនប្រាក់ចំណូលនៃតួអង្គសំខាន់ៗក្នុងខ្សែ សង្វាក់ផលិតកម្មស្រូវអង្ករ តាមរយៈការជំរុញពាណិជូបនីយកម្មស្រូវអង្ករ ដែលធន់នឹងអាកាស ធាតុ ដោយអនុវត្តក្នុងខេត្តគោលដៅចំនួនបីគឺ៖ ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តព្រៃវែង ។ កម្មវិធីនេះនឹងជួយបង្កើនផលិតភាពកសិកម្ម លើកកម្ពស់គុណភាពស្រូវអង្ករ និងរួមចំណែកបន្សាំ ទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលប្រជាកសិករកំពុងជួបប្រទះ ។
ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន ក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ និងផ្តល់ការតម្រង់ទិសសម្រាប់អនុវត្តបន្តក្នុងសប្តាហ៍នេះ ដោយមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាបានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់បន្តសហការគ្នា និងយកចិត្តទុកដាក់លើបញ្ហាគន្លឹះៗមួយចំនួនដើម្បីអនុវត្តកម្មវិធីនេះឱ្យបានជោគជ័យតាមការគ្រោងទុក និងដើម្បីជាគុណប្រយោជន៍ដល់ប្រជាកសិករ និងសេដ្ឋ កិច្ចជាតិទាំងមូល៕
កម្ពុជាជំរុញផលិតកម្មស្រូវ និងការនាំ ចេញអង្ករ ធ្វើជាគោលនយោបាយដ៏សំខាន់