មន្ត្រីរាជការ​ស៊ីវិល​នឹងត្រូវ​ពន្យារ​ការ​ចូលនិវត្តន៍​ដល់​អាយុ​៦៥​ឆ្នាំ​នៅ​ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2017 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា មន្ត្រីរាជការ​ស៊ីវិល នៅតែ​ចូលនិវត្តន៍​ក្នុង​អាយុ ៦០ ឆ្នាំ​ដដែល​។ ការពន្យារ​អាយុ​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ​ស៊ីវិល ដល់ ៦៥ ឆ្នាំ អាច​នឹងត្រូវ​លើក​មក​ពិចារណា ក្នុង​ឆ្នាំ​២០១៩​។​
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចាក់​យ៉ាង​ដូច្នេះ ខណៈ​សម្តេច​អញ្ជើញ​ជា អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា ១​ខ្នង នៅ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយា​វង្ស នៅ​ខេត្ត​កែប នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ ។​
​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា​៖ «​គ្រប់​ក្របខ័ណ្ឌ​មន្ត្រី​ទាំងអស់ នៅពេលដែល​ច្បាប់ មិនទាន់​ត្រូវបាន​កែ​ទេ គឺ​អនុវត្ត​តាមច្បាប់​ចាស់ គឺ​ការចូលនិវត្តន៍​នៅក្នុង​អាយុ ៦០ ឆ្នាំ​ដដែល​។ សូមកុំ​មានការ​ភាន់ច្រឡំ ហើយ​មានការ​ស្នើសុំ​ពន្យារ​អាយុ​ចូលនិវត្តន៍ ចំណុច​នេះ គឺ​មិនអាច​ទៅរួច​ទេ​»​។​
​សម្តេច ហ៊ុន សែន ក៏បាន​ប្រសាសន៍​លើកឡើងថា ពិតណាស់ រាជរដ្ឋាភិបាល​ចំណេញ​ថវិកា ក្នុងការ​ពន្យារ​អាយុ​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ រហូតដល់​អាយុ ៦៥ ឆ្នាំ ព្រោះថា មន្ត្រីរាជការ ចូលនិវត្តន៍ ត្រូវ​ទទួលបាន​ប្រាក់ខែ ៨០​ភាគរយ នៃ​ប្រាក់ខែ​ដែល​គាត់​បានទទួល ហើយ​ធនធានមនុស្ស និង​បទពិសោធន៍​ការងារ ក៏​យើង​នៅមាន​ល្អ​។ ប៉ុន្តែ​លំហ​សម្រាប់​យុវជន ដែល​ត្រូវ​ការធ្វើការងារ នឹងមាន​ការរួម​តូច​៕