អង្គជំនុំជម្រះនៃសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារ ទី២៦ ធ្នូ នេះ បានសម្រេចច្រានចោលភ្លាមៗ បន្ទាប់ពីបើកសវនាការជំនុំជម្រះអសាធារណៈមួយ ពាក់ព័ន្ធនឹងបណ្តឹង សុំនៅក្រៅឃុំរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន២ រូប។
លោក កែវ វ៉ានី មេធាវីការពារសិទ្ធិឲ្យលោក អួន ឈិន និងលោក យាង សុជាមេត្តា បានប្រាប់ឱ្យដឹងថា ក្នុងរឿងក្តីនេះ ក្រោយពីសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បើកសវនា ការមក លោកចៅក្រម ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថា សំណុំរឿងសុំនៅក្រៅឃុំបណ្តោះអាសន្ននេះ សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍មិនអនុញ្ញាតឲ្យកូនក្តីលោក បាននៅក្រៅឃុំតាមការស្នើសុំនោះទេ ដោយលោកអះអាងថា មូលហេតុដោយសារសំណុំរឿងកំពុងដំណើរការស៊ើបអង្កេតនៅឡើយ។
គួររំឭកថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានកម្លាំងនគរបាលការិយា ល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាន រាជធានីភ្នំពេញចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃអង្គារ ខណៈពេលកំពុងរៀបចំបន្ទប់ស្ទូឌីយោមួយនៅក្នុងផ្ទះសំណាក់ម៉ារឌីជាន់ទី ៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីព្រលប់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្រោមការសង្ស័យផ្តល់ព័ត៌មានពីកម្ពុជាទៅវិទ្យុអាស៊ីសេរីដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកដោយគ្មានច្បាប់អនុញ្ញាត និងបានបញ្ជូនខ្លួនភ្លាមៗទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមជម្រាបថា លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា កំពុងប្រឈមនឹងការចោទ ប្រកាន់ពីបទ «ផ្តល់ព័ត៌មានដល់បរទេសដែលអាចធ្វើឲ្យមហន្តរាយការការពារជាតិ» តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងករណីដែលតុលាការរកឃើញថា ពួកគេទាំងពីរនាក់មានកំហុសដូចទៅនឹងបទចោទខាងលើ ជនសង្ស័យនឹងត្រូវប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ៕