ភ្នំពេញ ៖ អនុក្រឹត្យលេខ ១៦៨អនក្រ បកចុះថ្ងៃទី១០ខែតុលាឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទីក ត្រូវបានក្រសួងបរិស្ថាន ជូនដំណឹង កាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៧ អំពីការអនុវត្តអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទីកស្តើងមានដៃយួរនេះ ដើម្បីឲ្យក្រុមហ៊ុននាំចូល និងក្រុមហ៊ុន ផលិតថង់ ប្លាស្ទីក និងអាជីវករ អ្នកប្រើប្រាស់ថង់ប្លាស្ទីកស្តើង មានដៃយូរ ក្នុងការវេចខ្ចប់ឥវ៉ាន់ត្រូវគោរព តាម លក្ខខណ្ឌ ក្នុងអនុក្រឹត្យនោះ រួមមាន៖
ថង់ប្លាស្ទីកស្តើងមានដៃយួរ អាចឲ្យនាំចូលប្រើប្រាស់បាន ត្រូវមានកម្រាស់ចាប់ពី០,០៣មីល្លីម៉ែត្រ ឡើងទៅ និងមានទទឹងបាតក្រោម ចាប់ពី២៥សង់ទីម៉ែត្រ ឬ១០អ៊ីងឡើងទៅ។ ការនាំចូល ថង់ ប្លាស្ទីក ស្តើងមានដៃយួរ និងការផលិតក្នុងស្រុកត្រូវគោរពតាមលក្ខខណ្ឌ ក្នុងអនុក្រឹត្យ នេះឲ្យបានទាំងកម្រាស និងទទឹងបាតក្រោម។ការផលិតក្នុងស្រុក ឬនាំចូល ថង់ប្លាស្ទីកស្តើងមានដៃយួរ ដែល គោរពតាមលក្ខខណ្ឌ ក្នុងអនុក្រឹត្យ១៦៨អនក្រ បក ហើយត្រូវសុំការអនុញ្ញាតពីក្រសួងបរិស្ថាន។ ប៉ុន្តែអាចអនុញ្ញាតឲ្យនាំចូល មិនបាច់ការអនុញ្ញាតពីក្រសួងបរិស្ថានបាន គឺបរិមាណតិច ជា១០០ គីឡូក្រាម។
ក្រុមហ៊ុន និងអាជីវករ ដែលចង់នាំចូលថង់ប្លាស្ទីកស្តើងមានដៃយួរ សម្រាប់វេចខ្ចប់សម្ភារៈដែល មាន ទាំងកម្រាសនិងទទឹងបាតក្រោមដូចក្នុងអនុក្រឹត្យណែនាំ ត្រូវដាក់ពាក្យស្នើសុំមក ក្រសួងបរិ ស្ថាន ដោយមានភ្ជាប់ឯកសារថតចម្លង បោះត្រាក្រុមហ៊ុនផង មានវិញ្ញាបនបត្រ បញ្ជាក់ការ ចុះ បញ្ជីពាណិជ្ជកម្ម វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ(អាករលើតម្លៃបន្ថែម) ប័ណ្ណពន្ធ ប៉ាតង់ វិក័យបត្រ និង បញ្ចីវេចខ្ចប់ ដែលបញ្ជាក់ពីកម្រាស់ និង ទំហំទទឹងបាតថង់ប្លាស្ទីក។ក្រុមអ្នកលក់ដូរអាហារ ភេសជ្ជៈ និងម្ចាស់ភោជនីយដ្ឋានខ្លះ បានថ្លែងស្រដៀងគ្នាថាពួកគេគាំទ្រ នឹងការអនុវត្តអនុក្រឹត្យ លេខ១៦៨ អនក្រ បក របស់ក្រសួងបរិស្ថាន។ ព្រោះពួកគេ ជាអ្នកវេចខ្ចប់ ច្រកអាហារ ភេសជ្ជៈ បានប្រើប្រាស់ច្រើន នូវថង់ប្លាស្ទីក កំប៉ុងប្លាស្ទីក ប្រអប់ស្នោរ ដបជ័រ ទុយោបឺត ក្នុង១ថ្ងៃៗច្រើន គីឡូក្រាម។ ពួកគេបានស្នើសុំ ឲ្យក្រសួងបរិស្ថាន បង្ហាញកន្លែងលក់ថង់ ប្រភេទថ្មីដែលប្រើទៅ មិនសូវប៉ះពាល់បរិស្ថាន ឲ្យពួកគេ បានស្គាល់ងាយស្រួលទៅទិញយកមកប្រើប្រាស់ ដើម្បីចួលរួម ថែរក្សាបរិស្ថាន ទាំងអស់គ្នា។
ក្រសួងបរិស្ថាន ក៏បានណែនាំទៅក្រុមហ៊ុននិងអាជីវករ បន្តទៀតថា ការផ្តល់ថង់ប្លាស្ទីកស្តើងមាន ដៃយួរ ដល់អតិថិជននៅតាមមជ្ឈមណ្ឌល ពាណិជ្ជកម្មនិងផ្សារទំនើប នឹងត្រូវគិតកម្រៃបន្ថែមចាប់ ពីថ្ងៃទី១០ ខែមេសាឆ្នាំ២០១៨តទៅ៕