ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភាកម្ពុជា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ មានការិយាល័យបោះឆ្នោតចំនួន ៣៣ នៅក្នុង ២៥រាជធានី-ខេត្ត និងមានអង្គបោះឆ្នោត (អ្នកបោះឆ្នោត) សរុបចំនួន ១១,៦៩៥នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរបចំការបោះឆ្នោត គ.ជ.ប ដែលបាន បិទផ្សាយនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៧ ។
សេចក្ដីប្រកាសព័ត៌មាន ដដែលបានឲ្យដឹងថា គ.ជ.ប បានបញ្ជូនបញ្ជីបោះឆ្នោតដំបូងសម្រាប់ ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទៅកាន់គណៈកម្មការ រាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រួចរាល់អស់ហើយ។
គ ជ ប ក៏បានបញ្ជាក់ដែរថា បញ្ជីបោះឆ្នោតដំបូងត្រូវបានបិទផ្សាយជាសាធារណៈរយៈពេល ១០ថ្ងៃ។ ក្នុងរយៈពេលកំណត់នេះ ជនណាក៏ដោយ មានសិទ្ធិប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងនេះដែរ។
គ.ជ.ប បានអំពាវនាវ ដល់អង្គបោះឆ្នោត ឬមន្ត្រីក្នុងមុខតំណែងទាំងអស់ ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធក្នុងបញ្ជីបោះឆ្នោតដំបូងនេះ នៅតាមការិយាល័យបោះឆ្នោត ឬ អាចចូលមើលទិន្នន័យ ក្នុងគេហទំព័រ www.voterist.org.kh។
សូមបញ្ជាក់ថា អង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រ ក្នុងតំណែងដែល នៅទូទាំងកម្ពុជាមាន ក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួន ១១,៥៧២នាក់ និងតំណាងរាស្ត្រ មានចំនួន ១២៣នាក់ ដែលនឹងត្រូវចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ ២០១៨ នេះ៕