សៀមរាប ៖ ពលរដ្ឋខ្មែរមកពីគ្រប់ទិសទី និងអ្នកទេសចរអន្តរជាតិ ប្រមាណជាង30ម៉ឺននាក់ បានមកចូលរួមក្នុងរាត្រីឆ្លងឆ្នាំសកល នារាត្រី ថ្ងៃទី៣១ ឆ្នាំ២០១៧ ចូលឆ្នាំ២០១៨ ក្នុងក្រុងសៀមរាប។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ឲ្យដឹងថាចំនួនភ្ញៀវសរុបដែលចូលមកកំសាន្តក្នុងយប់ឆ្លងឆ្នាំសកលមានចំនួនជាង33មឺុននាក់ ដែលចំនួននេះមានការកើនឡើងជិត80ភាគរយ បើធៀបនឹងឆ្នាំ2016ដែលមានចំនួនភ្ញៀវជា19ម៉ឺននាក់ ។ របាយការណ៍បង្ហាញថា ភ្ញៀវជាជនជាតិខ្មែរមានការកើនឡើងរហូតដល់76.46ភាគរយ បើធៀបនឹងឆ្នាំ2016។
អភិបាលខេត្តសៀមរាប ឯកឧត្តមឃឹម ប៊ុន សុង បានថ្លែងថា ក្នុងឱកាសនៃរាត្រីថ្ងៃឆ្លងឆ្នាំថ្មី២០១៨នេះ បានបង្ហាញអោយឃើញថា សៀមរាប ជាសក្កានុពលវិស័យទេសចរណ៍ធំបំផុត បន្ទាប់ពីទីក្រុងភ្នំពេញ នឹងធ្វើអោយកំណើនភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មានការកើនឡើងជាងឆ្នាំមុន។ឯកឧត្តមបានបន្ដថា ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងធានានូវសុវត្ថិភាពជូនដល់ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះផងដែរ។ វត្តមានរបស់ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរឆ្លងទ្វីប ដើម្បីប្រារព្វពិធីឆ្លងឆ្នាំនៅលើដែនដីប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាមិនធម្មតានោះទេ សម្រាប់ការវាស់ជម្រៅ មនោសញ្ចេតនាដែលប្រកបទៅដោយការស្រឡាញ់រាប់អានចំពោះ វប្បធម៌ខ្មែរនោះ។ ជាមួយនឹងការផ្តល់នូវតម្លៃជាមោទនភាពដ៏ខ្ពង់ខ្ពស់នេះ ទោះបីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយបុណ្យឆ្លងឆ្នាំសាកលនេះ ជាប្រពៃណីបែប បស្ចឹមប្រទេស និងជាប្រពៃណីរបស់គ្រីស្គបរិស័ទយ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋកម្ពុជា ទាំងអ្នកកាន់ព្រះពុទ្វ សាសនា ឬក៏ដូចអ្នកកាន់សាសនាគ្រីស្គ ត្រូវបានចូលរួមអបអរសាទរ សប្បាយរីករាយចូលឆ្នាំថ្មីទាំងអស់គ្នាដែរ។ ប្រការដ៏ជាក់ច្បាស់ខាងលើ គឺជាកត្តាបង្ហាញថា ពីសុខសន្តិភាពនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កើតឡើងនូវបរិយាកាសសង្គមមួយ ដែលជាជោគជ័យនៃការរើបម្រះរបស់មនុស្សជាតិ ចាកចេញពីការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ នៃពិភពលោក ហើយក៏ជាការកត់សម្គាល់កាន់ តែប្រសើរថែមទៀតនោះ គឺការបង្ហាញ ពិភពលោកឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺជាសមុទ្របេះដូង គ្មានការរើសអើងពូជសាសន៍ និងសាសនា ព្រមទាំងជាពិភពដ៏សុខក្សេម ក្សាន្តនៃមនុស្សជាតិ ហើយក៏ជាការបង្ហាញពីសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមដំបូលសន្តិភាព៕