សៀមរាប ៖ មេបញ្ជាការងកងរាជអាវុធហត្ថស្រុកវ៉ារិន និងជាមេស្នាក់ការលេខ៦៧២ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប ពីរនាក់ឪពុកកូន បានថយឡានចុះមកវាយយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែលលោកបើករថយន្តដោហើយចុចស៊ីផ្លេសុំវ៉ាមិនបានតាមបំណង។
ហេតុការណ៍ដែលធ្វើឲ្យភ្ញាក់ផ្អើល រហូតពលរខាងលើ បានកើតឡើងកាលពីម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៦៧ (ផ្លូវហាយវេ)ត្រង់ចំណុចមុខសាលាឃុំស្រែណូយ ក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន។ សៀមរាប។
មេបញ្ជាការង និងជាមេស្នាក់ការលេខ៦៧២ នៃអាវុធហត្ថស្រុកវ៉ារិនត្រូវគេស្គាល់ឈ្មោះ ហេ យ៉ែម( ហៅដូ) មានឋានៈជាវរសេនីយ៍ត្រី (ស័ក្តិ៤) ចំណែកជនដៃដល់ជាកូនប្រុសរបស់លោកដូ ពុំត្រូវបានស្គាល់ឈ្មោះទេ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោកហេ យ៉ែម ហៅដូ និងកូនប្រុស បើកឡានម៉ាកវីហ្គោពណ៌ស្ករពាក់ស្លាកលេខសៀមរាប2B2122 ក្នុងទិសដៅពីជើងទៅត្បូង ដោយជនដៃដល់ជាអ្នកបើក។ លុះមកដល់ចំណុចកើតហេតុ អ្នកបើករថយន្តបានចុចស៊ីផ្លេសុំវ៉ាយុវជនដែលជាជនរងគ្រោះមានឈ្មោះឃឹម បូទី អាយុ១៧ឆ្នាំ ក្នុងដំណើរស្របទិសគ្នា តែទំនងជាវ៉ាមិនបានដូចចិត្ត ពួកគេបានឈប់រថយន្តមកវាយយុវជនរងគ្រោះតែម្តង ។
ថ្លែងតាមទូរសព្ទ័ នាព្រឹកថ្ងៃទី១ខែមករាឆ្នាំ២០១៨ ស្ត្រីសុំមិនបញ្ចេញឈ្មោះដែលត្រូវជាបងបង្កើតរបស់យុវជនរងគ្រោះ បានបញ្ជាក់ថា រឿងនេះពួកគាត់បានបញ្ចប់ហើយ ដោយមិនប្តឹងតតាំងអីទេ ។ ខ្ញុំសុខចិត្តនាំប្អូនប្រុសទៅចាក់ថ្នាំ ដោយចំណាយលុយខ្លួនឯង។ ខ្ញុំអ្នកចំណូលថ្មី ខ្ញុំរស់នៅតែពីរនាក់បងប្អូនខ្ញុំខ្លាច។ ព្រោះគេជាសមត្ថកិច្ច មានស័ក្តិ។ខ្ញុំត្រឹមតែចង់រស់នៅមានសេចក្តីសុខប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំក៏ចង់ឲ្យនគរបាលប៉ុស្តិ៏ ចាត់វិធានការជនបង្កខាងលើតាមផ្លូវច្បាប់ដែរ។
ស្ត្រីដដែលបន្តថា រឿងហេតុដំបូងប្អូនប្រុសគាត់បានជិះម៉ូតូពីជើងទៅត្បូង ហើយកាច់ស៊ីញ៉ូបំរ៉ុងបត់ ស្របពេលនោះឡានជនបង្កបានមកដល់ក៏ស៊ីផ្លេមិនឲ្យបត់។ ពេលនោះម៉ូតូក៏មិនបានបត់ដែរ គឺឈប់ តែត្រូវឡាននោះឈប់ពីមុខហើយចុចកញ្ចក់ស្រែកស្តីបន្ទោស រឿងបំរ៉ុងបត់មិនមើល។ ភ្លាមនោះប្អូនប្រុសតបវិញថា ខ្លួនមិនទាន់បានបត់ទេ។ ឆ្លើយតបពាក្យចឹង ក៏ស្រាប់តែកូនប្រុសលោកស័ក្តិ៤ ថយឡានមកក្រោយបើកទ្វារចុះមកវាយ រហូតជាង១០ដៃទើបឈប់ បណ្តាលឲ្យប្អូនប្រុសរងរបួសទន់ខ្លួន ។ ក្រោយពេលវ៉ៃហើយ នាំខ្លួនប្អូនប្រុសយកទៅកាន់ស្នាក់ការលេខ៦៧២ សម្រួលបញ្ចប់រឿង ដោយមិនសង សូម្បីតែ១០០រៀល។ ក្នុងពេលដែលកូនប្រុសរបស់ខ្លួនវាយជនរងគ្រោះ លោក ហេ យ៉ែម ហៅដូ មិនបានចុះឃាត់ទេ។ នេះបើតាមការអះអាងរបស់បងស្រីជនរងគ្រោះ។
មន្ត្រីនគរបាលប៉ុស្តិ៏រដ្ឋបាលឃុំស្រែណូយ ក៏បានបញ្ជាក់ប្រហាក់ប្រហែលស្ត្រីខាងលើដែរថា ជាការពិតណាស់មានករណីសមត្ថកិច្ច ថយឡានមកវ៉ៃពលរដ្ឋម្នាក់ឲ្យរងរបួស ដោយសារឿងស៊ីផ្លេឡានសុំវ៉ាមិនបាន។ តែខាងប៉ុស្តិ៏ទៅមិនទាន់ ព្រោះក្រោយកើតហេតុគេនាំខ្លួនជនរងគ្រោះ យកទៅកាន់ស្នាក់ការរបស់គេបាត់ទៅហើយ។ ចឹងទេខាងខ្ញុំមិនបានស្គាល់ឈ្មោះជនដៃដល់នៅឡើយ តែដឹងថា ជាកូនប្រុសលោកស័ក្តិ៤ ហេ យ៉ែម ហៅដូ មេស្នាក់ការ៦៧២ អាវុធហត្ថស្រុកវ៉ារិន ម្យ៉ាងទៀតខាងរងគ្រោះមិនប្តឹងចឹង ខាងប៉ុស្តិ៍ពិបាកចាត់ការ។ មន្ត្រីនគរបាលដែលសុំលាក់ឈ្មោះបន្តថា តាមការសាកសួរពលរដ្ឋក្បែរខាងដែលឃើញហេតុការណ៍ ក្នុងគ្រានោះលោកស័ក្តិ៤មិនបានចុះឃាត់កូននោះទេ ថែមទាំងបញ្ជាឲ្យវាយចាំខ្លួនជាអ្នកដោះស្រាយ។
នៅរសៀលថ្ងៃទី១ ខែមករាឆ្នាំ២០១៨ នេះ លោកវរសេនីយ៍ត្រី ហេ យ៉ែម ហៅដូ មេបញ្ជាការង និងជាមេស្នាក់ការសន្តិសុខលេខ៦៧២ កងរាជអាវុធហត្ថស្រុកវ៉ារិន បានឆ្លើយយ៉ាងខ្លីតាមទូរសព្ទ័ថា រឿងនេះក្មេងៗបានបញ្ចប់គ្នាហើយ តើលោកឯង (អ្នកកាសែត) ចង់បានអីទៀត? ។
លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទថា លោកពុំទាន់ទទួលបានបណ្តឹងនេះទេ។ ពេលនេះលោកកំពុងចាំរបាយការណ៍ពីសមត្ថកិច្ច។ លោកព្រះរាជអាជ្ញាបញ្ជាក់ថា រឿងនេះមិនអាចបញ្ចប់បាននោះទេ។
យោងតាមប្រសាសន៍របស់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប គេរំពឹងថាជនដៃដល់ត្រូវតែប្រឈមតាមផ្លូវច្បាប់។ ចំណែកឪពុកក៏អាចចាប់ពាក់ពន្ធ័ ប្រសិនបើរកឃើញថា ញ៉ុះឲ្យកូនវ៉ៃគេដូចមហាជនដែលឃើញហេតុការណ៏អះអាង។ ពីព្រោះថាកាដូរឆ្លងឆ្នាំមួយនេះ ពិតជាធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋាននោះភ័យខ្លាច និងញាក់សាច់៕
មេប៉េអឹមស្នាក់ការ672 ពីរនាក់ឪពុកកូនវាយយុវជនម្នាក់ដោយសាររឿងបើក រថយន្តវ៉ាម៉ូតូមិនបាន