ភ្នំពេញ ៖ វិស័យសំណង់ដែលកំពុងរីក បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង២០ម៉ឺននាក់ក្នុង១ថ្ងៃ កើនឡើងជាង៤០% បើធៀបនឹងឆ្នាំមុន ដោយនេះមិនទាន់រាប់បញ្ចូលពលករជំនាញបរទេសនៅឡើយ ៖ V.O៖ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញទទួលបានកម្រៃចាប់ពីជាង៣ម៉ឺន ដល់៤ម៉ឺនរៀលក្នុង១ថ្ងៃ ។ ចំពោះកម្មករជំនាញ និងមេជាងវិញ ទទួលបានចាប់ពី៥ម៉ឺន ទៅជិត៨ម៉ឺនរៀលក្នុង១ថ្ងៃ ។ ចំណែកវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងៗទៀត ទទួលបានប្រាក់បៀវត្សចន្លោះពី៤០០ ទៅ២៥០០ដុល្លារក្នុង១ខែ ។ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៧ ទុនវិនិយោគសរុបក្នុងវិស័យសំណង់ មានទឹកប្រាក់ជាង៦ពាន់លានដុល្លារ ក្នុងនោះមានគម្រោងសរុបចំនួន៣០៥២គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង១០លានម៉ែត្រការ៉េ ខណៈឆ្នាំ២០១៦ ក្រសួងបានអនុម័តគម្រោង២៤០៥គម្រោង មានផ្ទៃក្រឡាសំណង់ជាង១១លានម៉ែត្រការ៉េ និងទឹកប្រាក់វិនិយោគជាង៥ពាន់លានដុល្លារអាមេរិក ។ ក្រុមហ៊ុនជាច្រើនដែលក្នុងវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា មើលឃើញថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់បានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារដល់ប្រជាពលរដ្ឋ ធ្វើឲ្យគុណភាពជីវិតប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង ហើយគម្រោងវិនិយោគវិស័យសំណង់ធំៗនៅកម្ពុជាមួយចំនួនក៏ត្រូវបានយកទៅដាក់លក់នៅបរទេសផងដែរ ។ ទន្ទឹមនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ យល់ឃើញថា កម្ពុជាក៏បានបាត់បង់ផលប្រយោជន៍ច្រើនពីកំណើននៃការវិនិយោគក្នុងវិស័យសំណង់ផងដែរ ដោយសារកម្ពុជាបាននាំចូលវត្ថុធាតុដើមភាគច្រើនពីបរទេស។ ដូចនេះបើមានការវិនិយោគវត្ថុធាតុដើមក្នុងប្រទេសឲ្យបានច្រើន នឹងធ្វើអោយកម្ពុជាទទួលបានផលប្រយោជន៌កាន់តែច្រើន ពីវិស័យសំណង់។ គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបង្ហាញផងដែរថា ក្រសួងបានអនុញ្ញាតផ្តល់លិខិតសាងសង់ វិស័យសំណង់នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ មានចំនួន៣ម៉ឺន៩៩០៣ គម្រោង មានផ្ទៃក្រឡាសរុបជាង១០២លានម៉ែត្រក្រឡា និងមានតម្លៃទុនវិនិយោគសរុបជាង៣៧ពាន់លានដុល្លារអាមេរិក ៕
ទុនវិនិយោគវិស័យសំណង់ឆ្នាំ២០១៧ មានទឹកប្រាក់ជាង៦ពាន់លានដុល្លារ