ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញតារាងកំណត់តម្លៃលក់ប្រេងសាំង សម្រាប់ស្ថានីយ៌ប្រេងនៅទូទាំងប្រទេសកម្ពុជា សម្រាប់រយៈពេល១០ថ្ងៃ ក្នុងដើមខែមករានេះ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយនៅថ្ងៃទី២ខែមករានេះ បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៌លក់ប្រេងនីមួយៗក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២ដល់ថ្ងៃ១១ ខែមករា។
ក្នុងនោះប្រេងសាំងធម្មតា ត្រូវបានកំណត់តម្លៃលក់មិនអោយលើស ៣៩០០រៀលក្នុងមួយលីត្រ! និងប្រេងម៉ាស៊ូត ត្រូវលក់មិនអោយលើសតម្លៃ៣៦៥០រៀលក្នុង១លីត្រ។ ចំណែក តម្លៃលក់រាយប្រេងសាំងស៊ុបពែរ ដែលមិនត្រូវបានគណនាកំណត់តម្លៃលក់រាយ ក្នុងតារាងកំណត់របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បានឡើងដល់ ៤១៥០រៀល ក្នុងមួយលីត្រ នៅតាមស្ថានីយ៌លក់ប្រេងឥន្ធនៈធំៗ។ ការកំណត់តម្លៃលក់ប្រេងឥន្ធនៈ មិនឲ្យលើសពីតម្លៃក្នុងតារាងកំណត់ សម្រាប់រយៈពេល១០ថ្ងៃម្តងនេះ គឺផ្អែកទៅលើការសម្រួលរូបមន្តកំណត់តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជារបស់អន្តរក្រសួង ចំនួនបី គឺក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងក្រសួងធនធានរ៉ែនិងថាមពល ។
គួរកត់សំគាល់ថា តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានកើនថ្លៃជាបន្តបន្ទាប់ បើធៀបកាលពីខែវិច្ឆិកាឆ្នាំ២០១៧ តម្លៃប្រេងសាំងធម្មតា មានតម្លៃប្រមាណ៣៧០០ក្នុងលីត្រ! ប្រេងម៉ាស៊ូតតម្លៃប្រមាណ៣៤០០រៀលក្នុងមួយលីត្រ ! និង ប្រេងសាំងស៊ុបពែរ មានតម្លៃប្រមាណ៣៩០០រៀលក្នុងមួយលីត្រ។
ការកើនឡើងតម្លៃប្រេងលក់រាយនៅកម្ពុជានេះ ក៏ស្របពេលដែលប្រេងឆៅសម្រាប់ ការផ្គត់ផ្គង់របស់អាមេរិក និងអារ៉ាប៊ីសាអូឌីត បានកើនឡើងលើស ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលតម្លៃនេះ ត្រូវបានចាត់ទុកថា ជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល២ មកនេះ ក្នុងទីផ្សារប្រេងពិភពលោក៕
ក្រសួងពាណិជ្ជកម្ម កំណត់តម្លៃលក់ប្រេងឥន្ធនៈ សម្រាប់១០ថ្ងៃដើមខែមករា