ភ្នំពេញ៖ លោកនាយករដ្ឋមន្ដ្រីកម្ពុជា ហ៊ុន សែន លើកឡើងថា បញ្ហាខ្សាច់គឺទុកឱ្យក្រសួងរ៉ែ និងថាមពលជាអ្នកទទួលខុសត្រូវទាំងអស់ ដោយមិនចាំបាច់មានគណៈកម្មការអ្វីច្រើនទេ ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅត្រើយខាងកើតទន្លេ និង សណ្ឋាគារ រ៉េស៊ីដង់សុខា ក្នុងខណ្ឌជ្រោចង្វា ដែលចំណាយថវិកា២២.១៤២.៣៤៨ ដុល្លារអាមេរិក នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។
លោក ហ៊ុន សែន បន្តថា « កន្លងទៅបញ្ហាខ្សាច់នេះ ស្មុគស្មាញណាស់ សួរទៅរដ្ឋមន្ដ្រីក្រសួង រ៉ែ និងថាមពលឆ្លើយថា រដ្ឋមន្ដ្រីធនធាន ទឹកនិងឧតុនិយម, សួរទៅរដ្ឋមន្ដ្រីក្រសួង ធនធានទឹកថា ខាងរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលជាអ្នកចេញអាជ្ញាប័ណ្ណ, សួរទៅ ខេត្ដ, ខេត្ដថារដ្ឋមន្ដ្រី…ដូច្នេះតើអ្នកណាពិតប្រាកដ ? បើដូច្នេះនាយករដ្ឋមន្ដ្រី សម្រេចដាក់ឱ្យក្រសួងរ៉ែ និងថាមពលទទួលខុសត្រូវទាំងអស់អំពីបញ្ហាខ្សាច់ ។
គួរជម្រាបថា ករណីបាក់ច្រាំងទន្លេរលំផ្ទះប្រជាពលរដ្ឋបានកើតឡើងជាញឹកញាប់ក្នុងត៉បន់ដែលគេដាក់គ្រឿងចក្របូមខ្សាច់ ដែលមិនត្រឹមតែមានផលប៉ះពាល់បរិស្ថានធម្មជាតិប៉ុណ្ណោះទេ តែវាបានបង្កឲ្យពលរដ្ឋបានជាច្រើនគ្រួសារបានរងគ្រោះរងទុក្ខវេទនាដោយសារការបាក់ច្រាំងទន្លេរលំផ្ទះដែលបណ្តាលមកពីការបូមដោយបំពានលើបទដ្ឋានបច្ចេកទេស ព្រោះតែមានការស៊ុមគ្រលំពីមន្ត្រីជំនាញខិលខូច ៕