ឆ្នាំ​២០១៧ កម្ពុជា​សម្រេចការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ជាង​៦​ពាន់​លាន​គីឡូវ៉ាត់ម៉ោង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​បាន​ទាញយក​ថាមពល​អគ្គិសនី ដែល​ផលិត​ចេញពី​ទំនប់​វា​រី​អគ្គិសនី រួម​និង​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ដើម្បី​ផ្គត់ផ្គង់​ទូទាំងប្រទេស បាន​ប្រហែល ៨០ ភាគរយ​នៃ​ការផ្គត់ផ្គង់​សរុប បើ​គិត​ជា​កម្លាំង​ថាមពល​គឺ​បាន​ប្រមាណ ៦​ពាន់​៥​រយ​លាន​គីឡូវ៉ាត់ម៉ោង ។ បើតាម​ការបញ្ជាក់​ពី​ក្រសួង​រ៉ែ និង​ថាមពល ការផ្គត់ផ្គង់​ថាមពល​ក្នុង​ឆ្នាំ​២០១៧ គឺ​បានសម្រេច​ទៅតាម​ផែនការ​កំណត់​។

​ក្នុងចំណោម​ប្រភព​ថាមពល​អគ្គិសនី​ផ្គង់​ផ្គង់​សរុប​នេះដែរ បានមកពី​ប្រភព​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ជាង​៣៩,៧ ភាគរយ​! ពី​ប្រភព​វា​រី​អគ្គិសនី ជាង​៣៣,៧​ភាគរយ​! បានមកពី​ការដុត​ប្រេង​ប្រមាណ​៥,៣ ភាគរយ​! បានមកពី​ថាមពល​កកើត​ឡើងវិញ​០,៨ ភាគរយ និង បានមកពី​ប្រភព​ផ្ទាល់​របស់​ឧស្សាហកម្ម និង​អ្នក​ចែកចាយ​០,២ ភាគរយ​។ ក្រសួង​រ៉ែ និង​ថាមពល បានបង្ហាញ​ដែរ​ថា ដើម្បី​បំពេញ​កង្វះខាត កម្ពុជា បាន​នាំចូល​ថាមពល​អគ្គិសនី ប្រមាណ ១​ពាន់​៦​រយ​លាន​គីឡូវ៉ាត់ម៉ោង ដែល​ស្មើនឹង ២០ ភាគរយ​នៃ​ការផ្គត់ផ្គង់​សរុប ពី​ប្រទេសជិតខាង​។ ក្នុងនោះ នាំចូល​ពី​ប្រទេស​វៀតណាម​១៥%, ថៃ​ប្រមាណ​៤,៥ និង​ឡាវ​ប្រមាណ​០,៥%​។ គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ ២០១៧ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​( EAC) បាន​ផ្គត់ផ្គង់​ថាមពល​អគ្គស​នី ទៅដល់​ភូមិ​ជាង ១​ម៉ឺន​៤​ពាន់​ភូមិ ស្មើនឹង ៨១ ភាគរយ និង​ទៅកាន់​លំនៅឋាន​ជាង ៣​លាន​៣​សែន ស្មើនឹង ៦៨,៥ ភាគរយ​។

​ជា​ទិសដៅ​កំណត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ពង្រីក​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុងតម្លៃ​ទាប ទៅកាន់​គ្រប់​ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២០ ។ តម្លៃ​អគ្គិសនី​សម្រាប់​លំនៅឋាន​នាពេល​បច្ចុប្បន្ន ថ្លៃ​ចាប់ពី ៤៨០​រៀល​ដល់ ៧២០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ទៅតាម​ទំហំ​ប្រើប្រាស់​។ បច្ចុប្បន្ន​កម្ពុជា កំពុង​ទាញយក​ថាមពល​អគ្គិសនី​សម្រាប់ ប្រើប្រាស់ ពី​ប្រភព​ថាមពល​អគ្គស​នី សរុប​ជាង​២​ពាន់​មេ​ហ្គា​វ៉ា​ត់ ក្នុងនោះ​ទី​១ បានមក កា​នាំ ចូល​ពី ប្រទេស​វៀតណាម​១៧០​មេ​ហ្គា​វ៉ា​ត់​។ ទី​២ នាំចូល​ពី​ប្រទេស​ថៃ ១២០​មេ​ហ្គា​វ៉ា​ត់​។ ទី​៣ វា​រី​អគ្គិសនី គីរីរម្យ​១​ចំនួន​១២​មេ​ហ្គា​វ៉ា​ត់​។ ទី​៤ វា​រី​អគ្គស​នី​កំចាយ​ខេត្តកំពត​១៩៤.១​មេ​ហ្គា​វ៉ា​ត់​។ ទី​៥ វា​រី​អគ្គិ ស​នី​គីរីរម្យ​៣ ចំនួន​១៨​មេ​ហ្គា​វ៉ា​ត់​។ ទី​៦ វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​១២០​មេ​ហ្គា​វ៉ា​ត់​។ ទី​៧ វា​រី​អគ្គិសនី ឬ​ស្សី​ជ្រុំ​ក្រោម​៣៣៨​មេ​ហ្គា​វ៉ា​ត់​។ ទី​៨ វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ ២៤៦​មេ​ហ្គា​វ៉ា​ត់​។ ទី​៩ វា​រី​អគ្គិសនី សេ​សាន​ក្រោម​១២០​មេ​ហ្គា​វ៉ាត​។ ទី​១០ ស្ថានីយ៍​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន​៣​ទៀត នៅ​ខេត្ត​ព្រះ សីហនុ ផលិត​ថាមពល​៤០៥​មេ​ហ្គា​វ៉ា​ត់​។

​រីឯ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ក្នុង​ខេត្តស្ទឹងត្រែង នឹង​ផ្តល់​ថាមពល​អគ្គិសនី សរុប​៤០០​មេ​ហ្គា​វ៉ា​ត់ នៅពេល​ចាប់ផ្តើម​ដំណើរការ​តួប៊ីន​សរុប​ទាំង​៨ នៅក្នុង​ឆ្នាំ​២០១៨​នេះ ៕