បាត់ដំបង : នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទររំលឹកខួបលើកទី៣៩នៃទិវាជ័យជំនះ៧មករា នៅមុខបរិវេណសាលាខេត្តបាត់ដំបង។ ពិធីនេះបានរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង និងមានការចូលរួមពី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភាសមាជិករាជរដ្ឋាភិបាល ប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តថ្នាក់ដឹកនាំ មន្ត្រីរាជការ អគ្គកុងស៊ុលវៀតណាម កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ប្រជាពលរដ្ឋបានចូលរួមជាច្រើននាក់។
បន្ទាប់ពីអំណានរបាយការណ៍និងសុន្ទរកថាស្វាគមន៍របស់អភិបាលខេត្ត លោក ងួន រតន: ក្នុងអង្គពិធីរួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយបានរំលឹកពីការឈឺចាប់ជាមួយនឹងការកាប់សម្លាប់ក្នុងរបបប៉ុល ពត ប្រល័យពូជសាសន៍ជាតិឯងនាអំឡុងរយ:ពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ ។
សម្តេចបានបន្តថា ទិវាជ័យជំនះ៧មករាលើកទី៣៩នេះ គឺជាទិវារបស់ជាតិទាំងមូល មិនមែនជារបស់គណបក្សប្រជាជនកម្ពុជាម្នាក់ឯងនោះទេ ទោះជាពេលនោះគណបក្សប្រជាជនកម្ពុជាជាអ្នករំដោះប្រទេសជាតិ ប្រជាជនកម្ពុជាឲ្យបានរួចផុតពីការកាប់សម្លាប់ជនជាតិខ្មែរក៏ដោយ។
សម្តេចបានបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនិងរក្សាទិវា៧មករានេះឲ្យនៅជាអមត:តទៅ តែមានជនអគតិមួយចំនួនបានបំភ្លេចមិនទទួលស្គាល់និងចង់បំផ្លាញចោលភស្តុរាងថែមទៀតផង។
ក្នុងរបបប្រល័យពូជសាសន៍នេះបានបិទសិទ្ធគ្រប់បែបយ៉ាងចំពោះប្រជាជនកម្ពុជា ផ្ទុយពីសម័យបច្ចុប្បន្ន ដែលប្រជាជនមានសិទ្ធគ្រប់បែបយ៉ាង ទាំងសិទ្ធិរស់រានមានជីវិត និង មានគ្រប់សាសនា ពិសេសយើងបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋផងដែរ ៕ ប៉ែន សុ ផល