ភ្នំពេញ ៖ តាមការគ្រោងទុក ក្រុមការងារមួយដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីសិក្សាពីចំណុចដែលត្រូវកែរដ្ឋធម្មនុញ្ញ គ្រោងនឹងជួបគ្នានៅសប្តាហ៍ក្រោយនេះ ដើម្បីស្វែងរកចំណុចរួម និងជាក់លាក់ថា គួរតែដក ឬដាក់ចំណុចណាខ្លះ ទៅក្នុងរដ្ឋធម្មនុញ្ញ។ គម្រោងនៃជំនួប នេះ អាចនឹងធ្វើឡើងនៅក្រោយពេលរដ្ឋាភិបាលកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ៧ មករា។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឱ្យដឹងថា ក្រុមការងារដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ នឹងប្រមូលផ្តុំសិក្សាស្រាវជ្រាវលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីស្វែងរកចំណុចរួមស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្តួចផ្តើមគំនិតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមការងារនេះមានសមាជិក១២រូប ដឹកនាំដោយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រី
ស្របពេលគ្នានឹងមានកិច្ចប្រជុំនេះ ឯ.ឧ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយនេះ ក្រុមការងារកំណែទម្រង់មួយទៀត ក៏នឹងជួបប្រជុំគ្នាផងដែរ ស្តីពីការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ក្រុមការងារនេះ មានលោកឧបនាយករដ្ឋ មន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើជាប្រធាន។
គួរជម្រាបថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីសិក្សាស្រាវជ្រាវពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញបំណងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីមុនដំណាច់ឆ្នាំ២០១៧ ស្តីពីការកាត់បន្ថយចំនួនក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីឲ្យនៅសល់ចំនួនតិចបំផុត។ ក្រុមការងារនេះ មាន ឯ.ឧ. អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើជាប្រធាន, ឯ.ឧ. ឆេង សារឿន រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ,ឯ.ឧ សក់ សេដ្ឋា រដ្ឋលេខាធិ ការ ក្រសួងមហាផ្ទៃ និង ឯ.ឧ កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធាន និងអមដោយសមាជិក៨រូបទៀត ដែលសុទ្ធសឹងតែជាអ្នកច្បាប់មកពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃជាដើម។
សូមរំលឹកថា នេះគឺជាលើកទី៩ហើយ ចាប់តាំងពីបានបង្កើតនៅ១៩៩៣ មក ដែលរដ្ឋធម្ម នុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម ហើយកាលពីសប្តាហ៍មុន សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃកម្ពុជាមានចំនួន៣ចំណុច រួមមាន ទី១. ការកាត់បន្ថយសមាសភាពរាជរដ្ឋាភិបាល ឬការផ្តល់តួនាទីរដ្ឋលេខាធិការ នៅតាមក្រសួងស្ថាប័នរដ្ឋ, ទី២. ការគិតអគតិមកលើកម្ពុជាឬប្រៀបប្រដូចកម្ពុជាទៅនឹងប្រទេសមួយចំនួនដែលកំពុងមានសង្គ្រាមហែកហួរ និងទី៣. ទប់ស្កាត់ការជ្រៀតជ្រែកគោលការណ៍ប្រឆាំងមកពីប្រទេសខាងក្រៅជាដើម។ ពិសេសជាងនេះ វិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី នឹងមានការបន្ថែមការកំណត់ទោសឲ្យធ្ងន់ធ្ងរ ចំពោះជនទាំងឡាយណា ដែលប្រមាថព្រះមហាក្សត្រផងដែរ៕