សមត្ថកិច្ច​រឹតបន្តឹង​ការនាំយក​សម្ភារៈ​ចូល​ឱ្យ​អ្នកទោស​ក្នុង​ពន្ធនាគារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2018 ក+ ក-

​សៀមរាប ៖ អាជ្ញាធរខេត្ត​សៀមរាប​ស្នើ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ទាំងអស់​ត្រួតពិនិត្យ​ឆែកឆេរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នូវ​រាល់​សម្ភារៈ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជន​ជាប់ឃុំ​រក្សាទុក ប្រើប្រាស់ នៅក្នុង​បន្ទប់​ឃុំឃាំង ជៀសវាង​មានការ​ដាក់​បន្លំ​វត្ថុ​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅក្នុង​បន្ទប់​ឃុំឃាំង ឬ​អ្នក​ជាប់ឃុំ​។​​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ​ខេត្តសៀមរាប​នៅ​ព្រឹក​ច័ន្ទ​៧​រោជ​ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៨​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា ដើម្បី​ធានា​ដល់​ការរក្សាសន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់ សុខភាព និង​មនុស្សធម៌​ក្នុងការ​គ្រប់គ្រង​ពន្ធនាគារ និង​ដើម្បី​ធានា​ដល់​ការអនុវត្ត​កម្មវិធី​អប់រំ​កែប្រែ ស្តា​នីតិសម្បទា និង​ការធ្វើសមាហរណកម្ម​ជន​ជាប់ឃុំ​ទៅក្នុង​សង្គម​វិញ ក្រសួងមហាផ្ទៃ​បានកំណត់​អំពី​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ​ថ្មី​។​

​លោក​បាន​បន្តថា នៅក្នុង​ប្រការ​១០ នៃ​បទបញ្ជាផ្ទៃក្នុង​នេះ បានអនុញ្ញាត​ឲ្យ​ជន​ជាប់ឃុំ​រក្សាទុក សម្ភារៈប្រើប្រាស់​ផ្ទាល់ខ្លួន​ដូចជា ស្បែកជើង ក្រមា មុង ភួយ ថ្នាំដុសធ្មេញ និង​ច្រាស​ដុសធ្មេញ​ជាដើម នៅក្នុង​បន្ទប់​ឃុំឃាំង​។ ពាក់ព័ន្ធ​សម្ភារៈ​ផ្ទាល់ខ្លួន​នេះ លោក​ស្នើ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ត្រួតពិនិត្យ​ឆែកឆេរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជៀសវាង​មានការ​ដាក់​បន្លំ​វត្ថុ​ហាមឃាត់​ដូចជា​គ្រឿងញៀន​ទូរស័ព្ទ​ជាដើម ជាពិសេស​នៅពេលដែល​បងប្អូន​ជន​ជាប់ឃុំ​យក​សម្ភារៈប្រើប្រាស់ និង​ចំណីអាហារ​មក​ឲ្យ​ជន​ជាប់ឃុំ គឺ​ត្រូវ​ត្រួតពិនិត្យបាន​ខ្ពស់បំផុត ព្រោះ​វា​អាចធ្វើ​ឲ្យ​មាន​បញ្ហា​នៅក្នុង​បន្ទប់​ឃុំឃាំង និង​ពន្ធនាគារ​ទាំងមូល​។​
​លោក ពៅ ពិសិដ្ឋ បាន​បញ្ជាក់ថា កន្លងមក​នៅតាម​ពន្ធនាគារ​មួយចំនួន​បាន​មាន​បញ្ហា​នេះ​កើតឡើង ដោយសារតែ​ការគ្រប់គ្រង​របស់​មន្ត្រី​ពន្ធនាគារ​មានការ​ធ្វេស​ប្រ​ហេស​។​

​លោក តាន់ ឆ​វ័​ន្ត ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​អនុវត្ត​ការងារ​នេះ​ឲ្យ​អស់ពី​លទ្ធភាព​។​លោក​បាន​បញ្ជាក់ថា កន្លងមក​បញ្ហា​ការ​លួច​ដាក់​វត្ថុ​ហាមឃាត់ នៅក្នុង​សម្ភារៈប្រើប្រាស់ និង​ចំណីអាហារ​មក​ឲ្យ​ជន​ជាប់ឃុំ ក៏​ធ្លាប់មាន​ខ្លះៗ​ដែរ​តែ​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ត្រួតពិនិត្យ​ឆែកឆេរ​ចាប់បាន​ទាំងអស់​។​

នៅក្នុង​ពិធី​នេះដែរ លោក តាន់ ឆ​វ័​ន្ត បាន​ព្រមាន​ដល់​មន្ត្រីក្រោមឱវាទ​រប​ស់​ខ្លួន​បើ​មាន​មន្ត្រី​ណា​បណ្តោយ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​លោក​មិន​អនុគ្រោះ​ឲ្យ​នោះទេ​។​ហើយពី​ថ្ងៃនេះ​ទៅ​មន្ត្រី​ពន្ធនាគារ​ទាំងអស់​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ឆែកឆេរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​តឹងរឹង​បំផុត​៕